គ្រូជប៉ុន ដាក់ផែនការបង្កើនការហ្វឹកហាត់ទ្វេរដង ដើម្បីត្រៀមមេដាយ ស៊ីហ្គេម នៅប្រទេសវៀតណាម
គ្រូបង្វឹកសញ្ជាតិជប៉ុន ក្រុមជម្រើសរើសកីឡាទូក លោក ស៊ូជីយ៉ា រុីយ៉ូអីជី រំពឹងជឿជាក់ថា ក្នុងចំណោម៣វិញ្ញាសា មាន ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ដែលកំពុងត្រៀមចូលរួមព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ខាងមុខនេះ នឹងមានលទ្ធភាពដណ្តើមបានមេដាយជូនកម្ពុជា ។
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បញ្ជាក់ថា អត្តពលិកជម្រើសជាតិទាំងបុរស និងនារី កំពុងប្រឹងប្រែងខិតខំហ្វឹកហាត់យ៉ាងខ្លាំង ទាំងបច្ចេកទេស និងកម្លាំងកាយ ។
លោក បញ្ជាក់បន្ថែមថា ការស្វែងរកមេដាយពីស៊ីហ្គេមពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែយើងត្រូវដណ្តើមឲ្យបាន ដោយត្រូវបង្កើននូវកម្មវិធីហ្វឹកហាត់ទ្វេរដងក្នុងមួយថ្ងៃៗ បើធៀបនឹងអត្តពលិកក្នុងតំបន់ ។ ការបង្កើនកម្មវិធីហ្វឹកហាត់បែបនេះ វាជាយុទ្ធសាស្រ្តបង្កើនគុណផល ធ្វើឲ្យសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ មានការរីកចំរើនអាចប្រជែងដណ្តើមបានមេដាយ ។
គ្រូបង្វឹកខាងលើ អះអាងទៀតថា ការចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ខាងមុខនេះ វាជាស៊ីហ្គេមយុទ្ធសាស្រ្តវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីកែប្រែចំណុចខ្វះខាតឈានទៅរកការប្រជែងមេដាយប្រកបដោយគុណភាណ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២២ខាងមុខនេះ គឺមាន៣វិញ្ញាសា ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង សម្រាប់វិញ្ញាសាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិមិនមាននោះទេ ។ ដោយឡែកសម្រាប់សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា គឺបានត្រៀមខ្លួនយ៉ាងល្អ លើវិញ្ញសាទាំង៣ ដើម្បីត្រៀមដណ្តើមមេដាយ ៕











