មន្ត្រីជាន់ខ្ពស់មកពីថៃ ចិន និងជប៉ុន ចូលជួប មីន អ៊ុងឡាំង ផ្សេងៗពីគ្នា

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ថៃ ចិន និង​ជប៉ុន បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​ណៃពិដោ ជា​បន្ត​បន្ទាប់​​គ្នា ដើម្បី​មក​ជួប​លោក មីន អ៊ុងឡាំង ប្រមុខ​យោធា​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្រ្តី​រដ្ឋាភិបាល​តំណាង​​ប្រទេស​ទាំង​ ៣ មក​កាន់​មីយ៉ាន់ម៉ា ក្រោយ​ពេល​ដែល​ លោក ប៊ីល រីឆាដសុន (Bill Richardson) អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ ចូល​ជួប​ជាមួយ​ មេដឹកនាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ហើយ​ជា​លទ្ធផល អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​បាន​ដោះលែង​អ្នក​កាសែត​អាមេរិក​ចេញ​ពី​ពន្ធនាគារ ក្រោយ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ៦ខែ។

មន្ត្រី​មក​ពី​ប្រទេស​ទាំង​ ៣នោះ​រួម​មាន លោក ដុន ប្រាមុដវីណៃ (Don Pramudwinai) រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ស៊ុន គូស៊ាំង (Sun Guaxiang) ប្រេសិត​ពិសេស​របស់​ចិន​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធាន​មូលនិធិ​នីផុន និង​ជា​ប្រេសិត​របស់​ជប៉ុន​ទទួល​បន្ទុក​ការ​ផ្សះផ្សា​ជាតិ​នៅ​មីយ៉ាន់ម៉ា។

លោក ប្រាមុដវីណៃ បាន​ទៅ​ដល់​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ចូល​ជួប​ជាមួយ​លោក មីន អ៊ុងឡាំង ភ្លាមៗ​តែ​ម្ដង។

មិន​មាន​សេចក្ដីថ្លែងការណ៍​ផ្លូវ​ការ​ណា​មួយ ចុះ​ផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ទេ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Irrawaddy ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ថៃ និង​ប្រមុខ​យោធា​មីយ៉ាន់ម៉ា មិន​បាន​អម​ដំណើរ​ដោយ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​មីយ៉ាន់ម៉ា​នោះ​​​​ទេ​​​។ប្រភព​ដដែល​​បន្ត​ថា កិច្ចពិភាក្សា​បែប​នេះ អាច​​ពាក់ព័ន្ធ​នឹង​រឿង​រសើប​ៗ​មួយ​ចំនួន​ដូច​ជា បញ្ហា​សកម្មជន​ប្រឆាំង​របប​យោធា ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ដី​ថៃ តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

ចំណែក​ឯ​តំណាង​របស់​ចិន​វិញ បាន​មក​ដល់​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ចូល​ជួប​ លោក មីន អ៊ុងឡាំង នៅ​ថ្ងៃ​ច័ន្ទ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​នីកេ (Nikkei) លោក ស៊ុន និយាយ​ជាមួយ​យោធា​មីយ៉ាន់ម៉ា ដើម្បី​សម្រួល​បញ្ហា​នានា​ពាក់ព័ន្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ខាង​មុខ​នេះ ​ជា​កិច្ចប្រជុំ​ធ្វើ​ឡើង​ ដើម្បី​អបអរ​ខួប​លើក​ទី៣០ឆ្នាំ នៃ​ភាព​ជា​ដៃគូ​រវាង​អាស៊ាន និង​ចិន។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​នឹង​ចូលរួម​ដោយ​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន​ផ្ទាល់​តែ​ម្ដង។

យ៉ាងណាមិញ បញ្ហា​ក្នុង​កិច្ចប្រជុំ​នេះ​គឺ ពាក់ព័ន្ធ​នឹង​សមាសភាព​អ្នក​តំណាង​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។ កាល​ពី​ខែ​តុលា​កន្លង​ទៅ អាស៊ាន​មិន​អញ្ជើញ​លោក មីន អ៊ុងឡាំង ចូល​ប្រជុំ​នោះ​ទេ ដោយ​ស្ថាប័ន​តំបន់​នេះ​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មិនមែន​នយោបាយ​មក​ជំនួស​វិញ។ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ប្រតិកម្ម​នឹង​អាស៊ាន​ថា អាស៊ាន​បាន​ល្មើស​នឹង​ធម្មនុញ្ញ​របស់​ខ្លួន។

បើ​តាម​ប្រភព​ការ​ទូត​ ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​នីកេ ចិន​យល់​ស្រប​នឹង​គំនិត​របស់​អាស៊ាន​ក្នុង​ការ​អញ្ជើញ​ថ្នាក់ដឹកនាំ​មិនមែន​នយោបាយ​។ យ៉ាងណាមិញ បញ្ហា​ដែល​ស្មុគស្មាញ​បន្ថែម​ទៀត​នោះ​គឺ មីយ៉ាន់ម៉ា​នៅ​ក្នុង​ឆ្នាំ​នេះ ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន។ ដូច្នេះ​ហើយ ជំនួប​រវាង​លោក ស៊ុន និង​ថ្នាក់ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​គឺ​អាច​នឹង​និយាយ​ស្វែង​រក​ចំណុច​រួម​រវាង​ចិន និង​មីយ៉ាន់ម៉ា​លើ​រឿង​នេះ។

ចំណែក​ឯ​លោក សាសាកាវ៉ា ដែល​ជា​ប្រេសិត​ជប៉ុន​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា បាន​មក​ជួប​លោក មីន អ៊ុងឡាំង ក្នុង​កិច្ចការ​ដោយ​ឡែក​ទៀត។

លោក​បាន​ជួប​ជាមួយ​ប្រមុខ​យោធា​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដោយ​ពិភាក្សា​អំពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​របស់​ជប៉ុន ទៅ​កាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​នីកេ។

បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​ធ្លាប់​ជា​អ្នក​សម្របសម្រួល​រវាង​កងទ័ព​អារ៉ាខាន់ (Arakhan Army) ដែល​ជា​ទាហាន​មួយ​ក្រុម​នៃ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា មាន​មូលដ្ឋាន​នៅ​រដ្ឋ​រ៉ាក់ខាញ នឹង​រដ្ឋាភិបាល​មជ្ឈិម​របស់​មីយ៉ាន់ម៉ា​កាល​ពី​ពេល​កន្លង​ទៅ​។ លោក​ សាសាកាវ៉ា នេះ​ជា​អ្នក​ជួយ​ចរចា​ឱ្យ​កងទ័ព​អារ៉ាខាន់​ដោះលែង​ចំណាប់ខ្មាំង​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី និង​ជួយ​ឱ្យ​បទ​ឈប់​បាញ់​រវាង​កងទ័ព​នេះ និង​កងទ័ព​ជាតិ​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ២០២០។

លោក Richard Horsey ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សិក្សា​អំពី​វិបត្តិ​អន្តរជាតិ International Crisis បាន​យល់​ឃើញ​ថា ជំនួប​រវាង​ប្រតិភូ​មក​ពី​ប្រទេស​ទាំង​ ៣ នេះ​អាច​នឹង​មិន​ពាក់ព័ន្ធ​គ្នា​នោះ​ទេ ដោយសារ​តែ​គោលបំណង​នៃ​ជំនួប​មាន​ភាព​ខុស​គ្នា។

«ថៃ​មាន​បញ្ហា​ប្រឈម​ទ្វេភាគី​ជាមួយ​មីយ៉ាន់ម៉ា​យ៉ាង​ច្រើន ខណៈ​ពេល​ដែល​ចិន កំពុង​គិតគូរ​ថា​គួរ​អញ្ជើញ​លោក មីន អ៊ុងឡាំង ចូល​ប្រជុំ​អាស៊ាន​-ចិន ឬ យ៉ាងណា ហើយ​ចំណែក​ឯ​ការ​មក​ដល់​របស់​លោក សាសាកាវ៉ា ជា​រឿង​ដាច់​ដោយឡែក​ផ្សេង​ទៀត»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Horsey ប្រាប់​ទៅ​កាន់​សារព័ត៌មាន​នីកេ។

លោក​បាន​បន្ថែម​ថា ជំនួប​ទាំង​បី មិន​មែន​មាន​បំណង​ក្នុង​ការ​ជួយ​ដោះស្រាយ​រឿង​ក្នុង​ស្រុក​មីយ៉ាន់ម៉ា ក្រោយ​ពី​មាន​រដ្ឋប្រហារ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រទេស​ទាំង​បី​សុទ្ធតែ​ចង់​ដោះស្រាយ​បញ្ហា​របស់​គេ ជាមួយ​មីយ៉ាន់ម៉ា​រៀងៗខ្លួន៕

ប្រភព៖ Nikkei Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner