អាល្លឺម៉ង់ផ្អាកការអនុញ្ញាតឱ្យដំណើរការបំពង់បង្ហូរឧស្ម័ន Nord Stream 2 ខណៈតម្លៃឧស្ម័ននៅអឺរ៉ុបកំពុងកើន
ផលវិបាកនៃការឡើងតម្លៃឧស្ម័នធម្មជាតិទៅលើអឺរ៉ុបអាចនឹងកាន់លំបាកជាងមុន បន្ទាប់អាជ្ញាធរអាល្លឺម៉ង់បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ទី១៦ វិច្ឆិកាថានឹងផ្អាកការអនុញ្ញាតឱ្យមានការបង្ហូរឧស្ម័នធម្មជាតិរុស្សីតាមរយៈបំពង់ដ៏ចម្រូងចម្រាស់ Nord Stream 2។
ការសាងសង់ Nord Stream 2 ត្រូវបានបញ្ចប់កាលពីដើមឆ្នាំនេះ ប៉ុន្តែនៅមិនទាន់ដំណើរការនៅឡើយ។ បំពង់នេះ ដែលសាងសង់ក្រោមការវិនិយោគរបស់ក្រុមហ៊ុនរុស្សី Gazprom និងក្រុមហ៊ុនអឺរ៉ុបធំៗមួយចំនួន នឹងបញ្ជូនឧស្ម័នពីរុស្សី ទៅអឺរ៉ុបដោយផ្ទាល់រយៈបាតសមុទ្របាល់ទិក ហើយនឹងមិនឆ្លងកាត់ប្រទេសដទៃទៀតដូចជាអ៊ុយក្រែន។
Nord Stream 2 បានទាក់ទាញការប្រឆាំងពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន ហើយប្រទេសនៅសហភាពអឺរ៉ុបមួយចំនួនបានបង្ហាញការព្រួយបារម្ភថាបំពង់នេះនឹងធ្វើឱ្យអឺរ៉ុបកាន់តែរំពឹងលើឧស្ម័នរបស់រុស្សី។ ប្រទេសអ៊ុយក្រែនក៏ប្រឈមនឹងការបាត់បង់ថ្លៃសេវាឆ្លងកាត់រាប់ពាន់លានដុល្លារ នៅពេលដែលបំពង់នេះដំណើរការ។
អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថាការផ្អាកនេះគឺដោយសារក្រុមហ៊ុនដែលតំណាងឱ្យក្រុមវិនិយោគិននៃគម្រោង Nord Stream គឺត្រូវបានចុះបញ្ជីនៅប្រទេសស្វីស ហើយការអនុញ្ញាតឱ្យដំណើរការអាចធ្វើបានលុះត្រាតែពួកគេធ្វើការចុះបញ្ជីសារជាថ្មីក្រោមច្បាប់របស់ប្រទេសអាល្លឺម៉ង់។
ភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញ Nord Stream 2 កើតឡើងខណៈពេលដែលតម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ដោយសារតម្រូវការកើនឡើងនៅរដូវរងា ភាពមិនច្បាស់លាស់ថានៅពេលណាដែលរុស្សីនឹងផ្គត់ផ្គង់បន្ថែមទៀត និងកង្វះថាមពលនៅជុំវិញពិភពលោក៕

ប្រភព៖ Aljazeera