រថយន្ត Land Cruiser មួយគ្រឿង បុករថយន្ត Range Rover ក្រឡាប់ផ្ងារជើង បណ្តាលឱ្យរងរបួសធ្ងន់២នាក់
ភ្នំពេញ៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Land Cruiser បានបុកប៉ះជាមួយរថយន្ត Range Rover បណ្តាលឲ្យរងការខូចខាត រួចក្រឡាប់ផ្ងារជើងអូសទៅបុកនឹងធុងដាក់ខ្សាច់ សម្រាប់ចែកទ្រូងផ្លូវ រងការខូចខាត។ ចំណែកភាគីខាងរថយន្ត Range Rover ក៏មិនបានទាមទារសំណង បានបើកចេញទៅបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត Land Cruiser មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2H-6579 បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានកៀររថយន្ត Range Rover មួយគ្រឿងទៀត ពុំចាំស្លាកលេខ ដែលបត់ឆ្លងផ្លូវ ទិសដៅពីលិចមកកើត ទើបជាន់ហ្រ្វាំងខ្លាំងពេកក៏ក្រឡាប់ទៅប៉ះជាមួយធុងដាក់ខ្សាច់សម្រាប់ចែកទ្រូងផ្លូវ រងការខូចខាត ចំណែកភាគីខាងរថយន្ត Range Rover ដែលរងការខូចខាតដូចគ្នា ក៏មិនបានទាមទារសំណង បានបើករថយន្តចេញទៅបាត់។ រីឯអ្នករបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ ដោយសារករណីនេះ មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដ៏ទៃ ទើបសមត្ថកិច្ចឱ្យក្រុមគ្រួសារខាងរថយន្ត Land Cruiser ខាងលើស្ទូចយករថយន្តទៅជួសជុលដោយខ្លួន ឯង៕ ដោយ៖ ឆៃហួត