កូនឈើប្រណិតចំនួន ៥៣ដើមត្រូវបានដាំ នៅលើទឹកដីខេត្តសៀមរាប ដែលតំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានរៀបចំពិធី ដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវៃក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី ឯកឧត្តម លោកជំទាវ តំណាងអង្គទូតចំនួន ២៩ប្រទេសប្រចាំកម្ពុជា និងឯកឧត្ដម លោកជំទាវ លោក លោកស្រី យុវជន និងភ្ញៀវកិត្តិយសប្រមាណ ២០០នាក់។
ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវៃក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ បានលើកឡើងថា ពិធីដាំដើមឈើសាមគ្គីភាពយុវជនអាស៊ី-អឺរ៉ុបជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដឹកនាំដោយប្រទេសកម្ពុជាដែលនឹងត្រូវប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩» ផ្តោតលើ ១. សុខភាព និងសុខុមាលភាពមាំមួន (SDG3) ២. ការអប់រំប្រកបដោយគុណភាព (SDG4) ៣) ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (SDG8) និង៤) សកម្មភាពអាកាសធាតុ (SDG13)។
ឯកឧត្តមសង្កត់ធ្ងន់ថា ពិធីដាំដើមឈើថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរួមចំណែកដល់ការសម្រេចបាននូវផែនការការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាពិសេស SDG13 តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនទាំងកម្រិតជាតិ និងអន្តរជាតិក្នុងការស្តារធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន។
ថ្លែងសុន្ទរកថាបើក និងមតិស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការប្រែប្រួសអាកាសធាតុជាបញ្ហាសាកលដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នា និងជាពិសេសការចូលរួមពីសំណាក់យុវជន»។
ឯកឧត្ដម បានបង្ហាញពីមោទនភាពដែលប្រជាជនកម្ពុជា និងជាពិសេសយុវជននៅទូទាំងតំបន់អាស៊ី និងអឺរ៉ុបអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះនិងរួមគ្នាទទួលខុសត្រូវជាមួយមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាដំណោះស្រាយឆ្លើយតបនឹងបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុពិភពលោក។ ឯកឧត្តមក៏បានលើកឡើងពីសេចក្តីថ្លែងការរបស់រដ្ឋមន្ត្រីអំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេសកាលពីសប្តាហ៌មុននេះផងដែរ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា បញ្ហាជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុជាបញ្ហាសកលដែលយើងមិនអាចមើលរំលងបានឡើយ ហើយព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះមិនត្រឹមតែឆ្លុះបញ្ចាំង អំពីការគោរពរបស់យើងចំពោះបរិស្ថានធម្មជាតិ និងការយល់ដឹងអំពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខ័ណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី។
ដើមឈើដែលយើងរួមគ្នាដាំនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ប្រកបដោយ ការអត់ធ្មត់ ស្ថេរភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចផ្សាភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ ។
គូសបញ្ជាក់ថា សកម្មភាពដាំដើមឈើគឺជាផ្នែកមួយនៃសំណើគម្រោងរបស់លោកបណ្ឌិតហាក ម៉ៅដើម្បីឆ្លើយតបទៅនឹងកម្មវិធី Leadership in Action ក្រោម SDG13៖ សកម្មភាពអាកាសធាតុ ហើយការរៀបចំពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុបគឺជាគំនិតផ្តួចផ្តើមនិងកិច្ចសហការរបស់ក្រសួងបរិស្ថាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាស្ថាប័នដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័ន សហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
កូនឈើប្រណិតចំនួន ៥៣ដើមត្រូវបានដាំ ដែលតំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ៕