ប្រធានសហព័ន្ធគុនល្បុក្កតោ យកការប្រកួតជើងឯកផ្តោតលើការអភិរក្ស និងអភិវឌ្ឍឈានឆ្ពោះទៅ ស៊ីហ្គេម ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្មំពេញ៖ ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ នារសៀលថ្ងៃទី២៧ ធ្នូនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍក្បាច់គុនដួងព្រលឹងវប្បធម៌ប្រពៃណីជាតិខ្មែរមួយនេះក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធាន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាជធានី-ខេត្ត ដែលបានមកចូលរួមការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ នាពេលនេះ។ ឯកឧត្តមមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលក្នុងនោះ គុនល្បុក្កតោជាប្រភេទកីឡាប្រពៃណីមួយ ដែលនឹងដាក់បញ្ជូលក្នុងព្រឹត្តិការណ៍នោះ ដែលមានការចូលពីប្រទេសដែលជាសមាជិករបស់សហព័ន្ធល្បុក្កតោនៅតំបន់អាស៊ាន ហើយនេះគឺជារបត់ថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបន្ថែមថា “យើងបានធ្វើកិច្ចការងារធំៗចំនួនពីរ គឺការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ដែលជាយុទ្ធសាស្ត្រស្នូលមួយ ក្នុងការប្រមូលផ្តុំនូវព្រឹទ្ធាចារ្យគុន និងអ្នកចេះគុនតាមតំបន់នានាចូលរួលរួមសហការការងារ ក្នុងការផ្ទេរចំណេះ ដឹងដល់កូនចៅខ្មែរជំនាន់ក្រោយ ដើម្បីធ្វើឲ្យមាននិរត្តរភាពនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ”។ កិច្ចការងារអភិរក្សនោះគឺ គឺសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានផ្តល់ឱកាស និងជំរុញទឹកចិត្តដល់ការប្រមូលផ្តុំ បង្កើតជាសាលាគុន ឬសមាគម នៃព្រឹទ្ធាចារ្យគុន គ្រូគុន តាមតំបន់ ឬសហគមនានារបស់ខ្លួន ដើម្បីឲ្យមានការថែរក្សានូវទំនៀមទំលាប់ ប្រពៃណី និងក្បាច់ស្នៀតអត្តសញ្ញាណនៃតំបន់នីមួយៗរបស់ខ្លួន ជាផ្លូវការ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

ចំពោះកិច្ចការងារអភិវឌ្ឍន៍ គឺសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបាននឹងកំពុងពង្រីក និងពង្រឹងវិសាលភាពរបស់ខ្លួន លើផ្នែកនយោបាយគ្រប់គ្រង និងផ្នែកបច្ចេកទេស ដើម្បីរៀបចំជាស្តង់ដារកីឡាប្រពៃណីមួយនេះ ឲ្យក្លាយ ទៅជាកីឡាមួយប្រភេទ អាចឲ្យមហាជនទូទៅទាំងជាតិ និងអន្តរជាតិអាចចូលរបស់ហ្វឹកហាត់ និងចូលរួមការប្រកួតនានាដោយគោរពទៅតាមលក្ខខណ្ឌបច្ចេកទេស និងបទបញ្ជាការប្រកួតដែលចេញដោយសហព័ន្ធ តួយ៉ាងដូចការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ ដោយសហព័ន្ធមានគោលដៅ ៖

១-ផ្តល់ឱកាសឲ្យគ្រប់កីឡាករ កីឡាការិនីតាមសាលាគុន សមាគម សហគមន៍នានា គ្រប់រាជធានី-ខេត្ត បញ្ចេញសមត្ថភាពនិងវាស់ ស្ទង់កម្រិតបច្ចេកទេសរបស់ខ្លួន។

២-បំផុសចំណាប់អារម្មណ៍ ដើម្បីទាក់ទាញ យុវជន មហាជនឲ្យចួលរួមហ្វឹកហាត់ និងថែរក្សាកីឡាគុនល្បុក្កតោ។

៣-បំផុសការផ្សព្វផ្សាយ គោលការណ៍ អភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនប្រលឹងជាតិ អត្ត សញ្ញាណជាតិ វប្បធម៌ជាតិ។

៤-ជ្រើសរើសកីឡាករកីឡាការិនីមានទេពកោសល្យល្អ និងប៉ិនប្រសព្វ ដើម្បីបំប៉នការហ្វឹកហាត់ឯកទេស ជំនាញកីឡាគុនល្បុក្កតោ ឲ្យឈានដល់កម្រិតខ្ពស់។

៥-បង្កើនបទពិសោធន៍ដល់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមក្នុងការប្រកួតកម្រិតអន្តរជាតិនានា។
ម្យ៉ាងទៀត គឺការជំរុញស្មារតីដល់កូនក្មួយ ដែលជាកីឡាករ  កីឡាការិនីទាំងអស់ឲ្យសំលឹងទៅលើផ្លូវដ៏វែងឆ្ងាយនៃអនាគតកម្ពុជាលើកវិស័យកីឡា និងកំណត់គោលដៅរបស់ខ្លួនក្នុងការក្លាយទៅជាអ្នកបន្តវេនដ៏ឆ្លាត់វៃ និងរឹងមាំសម្រាប់ការនាំកិត្តិយសជាតិ និងមោទនភាពជាតិ នៅលើឆាកអន្តរជាតិ តាមរយៈគុនល្បុក្កតោ។

តំណាងឲ្យសមាជិកប្រតិបត្តិ នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ដូចជាព្រឹទ្ធាចារ្យគុន គ្រូគុន សិស្សគុន ឯកឧត្តម ច័ន្ទ សារុន ប្តេជ្ញាថានឹងពង្រឹងកិច្ចសហការបន្ថែមទៀតជាមួយ ក្រសួងអប់រំយុវជន និងកីឡា  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រៀប និងបំផុសបន្ថែមនូវចលនាគុនល្បុក្កតោ ក្នុងវិស័យអប់រំ ដល់យុវជន ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ លើវិស័យយោធា និងវិស័យកីឡា ដើម្បីគ្រប់គ្នាបានមានឱកាស ក្នុងការបំពេញតួនាទីជា
កុលបុត្រកម្ពុជាដោយស្ម័គ្រចិត្ត ក្នុងថែរក្សាមរតកវប្បធម៌ដ៍ថ្លៃថ្លា ដែលជាសមិទ្ធិកម្មរបស់បុព្វខ្មែរសម័យកាលខាងដើម។សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះមានកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយចំនួន ២២០នាក់មកពី២៧ក្លិប៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner