នាយករដ្ឋមន្រ្តីបារាំងធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្រោយត្រឡប់មកពីប្រទេសប៊ែលហ្ស៊ិក
អត្ថបទដោយ៖
ធី ដា
ប៉ារីស៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយបាននិងកំពុងនៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក)។ បើតាមការិយាល័យនាយករដ្ឋមន្រ្តីបារាំង លោក Castex នឹងបន្តបំពេញការងារជាធម្មតា ហើយក៏បន្តធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃផងដែរ។
លោក Castex ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ ហើយមានកូនស្រីម្នាក់របស់គាត់ឆ្លងកូវីដ១៩នោះ ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺនេះដូចគ្នា បន្ទាប់ពីរូបលោកបានវិលត្រឡប់ពីទីក្រុងព្រុចសែល វិញ កាលពីរសៀលថ្ងៃ ចន្ទ ម្សិលមិញ ក្រោយជួបជាមួយនាយករដ្ឋមន្រ្តីប៊ែលហ្ស៊ិកលោក Alexander De Croo។
ដោយឡែកលោក Alexander De Croo នឹងត្រូវធ្វើតេស្តនៅថ្ងៃ ពុធ សប្តាហ៍នេះ ហើយនឹងនៅដាច់ដោយឡែករហូតដល់ចេញលទ្ធផលនៃការធ្វើតេស្តរបស់គាត់។ សមាជិកជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលបែលហ្ស៊ិក ក៏នឹងធ្វើចត្តាឡីស័កផងដែរ ដើម្បីចៀសវាងហានិភ័យណាមួយ៕ ប្រភព៖ CNA
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕