ប្រធានាធិបតីអាល្លឺម៉ង់ចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលមានគោលដៅរឹតបន្តឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩
ប៊ែរឡាំង៖ ប្រធានាធិបតីអាល្លឺម៉ង់លោក ហ្វ្រែង-វ៉លធើ ស្ទែនមែយើរ (Frank-Walter Steinmeier) បានសម្រេចចុះហត្ថលេខាលើវិធានការណ៍ការពារជំងឺឆ្លង (IDPA) អោយក្លាយជាច្បាប់ជាផ្លូវការនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយវានឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាតទៅ។
រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្តដាក់កំហិតថ្មីលើកន្លែងធ្វើការ និងកន្លែងសាធារណៈ ខណៈដែលប្រទេសអឺរ៉ុបនេះជួបនឹងការកើនឡើងថ្មី នៃករណីឆ្លងជំងឺកូវីដ១៩។ អាល្លឺម៉ង់បានកត់ត្រាពីករណីឆ្លងថ្មីៗចំនួន ៣ម៉ឺន៦៤៣ករណី នៅថ្ងៃចន្ទម្សិលមិញ ខណៈដែលជិត ៧០ភាគរយនៃចំនួនប្រជាជនសរុប រហូតមកទល់ពេលនេះ នៅពុំទាន់ចាក់វ៉ាក់សាំងបង្ការនៅឡើយទេ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរក្នុងតំបន់។ ជាមួយគ្នានោះ អ្នកនយោបាយអាល្លឺម៉ង់មួយចំនួនកំពុងជជែកពិភាក្សាគ្នា អំពីការធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លាយជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋ ដោយសារការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ចំពេលអត្រាចាក់វ៉ាក់សាំងមានកម្រិតទាបបំផុត។
សមាជិកមួយចំនួននៃគណបក្សកាន់អំណាចរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បានអះអាងថា រដ្ឋាភិបាលគួរតែណែនាំអំពីការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីជំរុញអត្រាចាក់វ៉ាក់សាំងដែលមានកម្រិតទាបនៅប្រទេសអាល្លឺម៉ង់ត្រឹមតែ ៦៨ភាគរយនោះត្រូវបានបរាជ័យ៕ ប្រភព៖ CGTN