អូទ្រីសថា អឺរ៉ុបត្រូវតែទប់ទល់នឹង «ការជំរិត» ឱ្យទទួលជនអន្តោប្រវេសន៍ពីបេឡារូស
កាលពីថ្ងៃចន្ទនេះប្រទេសអូទ្រីសបានអះអាងថា សហភាពអឺរ៉ុបត្រូវតែទប់ទល់នឹង «ការជំរិត» ឱ្យទទួលជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលកំពុងជាប់នៅតំបន់ព្រំដែនជាប់នឹងប្រទេសបេឡារូស បន្ទាប់ពីប្រធានាធិបតីបេឡារូសលោកអាឡិចសាន់ឌឺ លូកាសិនកូបានជំរុញឱ្យប្លុកទទួលពួកគេ។

លោកលូកាសិនកូ បានបញ្ជាក់ឡើងវិញថាសហភាពអឺរ៉ុបគួរតែទទួលជនអន្តោប្រវេសន៍ខ្លះ ខណៈពេលដែលប្រទេសរបស់លោកធ្វើមាតុភូមិនិវត្តន៍អ្នកសេសសល់។ លោកនៅបន្តច្រានចោលការចោទប្រកាន់ពីសហភាពអឺរ៉ុបថារដ្ឋាភិបាលរបស់លោកបានរៀបចំឱ្យវិបត្តិកើតឡើង។
ផែនការដែលស្នើឡើងដោយបេឡារូសកាលពីសប្តាហ៍មុននឹងធ្វើឱ្យបណ្ដាប្រទេសសហភាពអឺរ៉ុបទទួលយកជនអន្តោប្រវេសន៍មួយចំនួន ខណៈពេលដែលប្រទេសបេឡារូស នឹងបញ្ជូន ៥០០០ នាក់ផ្សេងទៀតត្រឡប់ទៅផ្ទះវិញ ហើយលោកលូកាសិនកូ បាននិយាយថាប្រទេសបេឡារូសកំពុងរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍លើកទីពីរនៅចុងខែនេះ។
ដោយប្រឈមនឹងការប្រឆាំងពីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទលោកលូកាសិនកូលោកបានទទូចថាយ៉ាងណាស់ប្រទេសអាល្លឺម៉ង់ ដែលជាគោលដៅចម្បងរបស់ជនអន្តោប្រវេសន៍ ត្រូវតែទទួលយកមួយចំនួន។
អាល្លឺម៉ង់ និងប្រទេសដទៃទៀត បដិសេធនូវសំណើរបស់លោកលូកាសិនកូ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់មួយរូបបាននិយាយថា៖ «គំនិតនៃការបង្កើតច្រករបៀងមនុស្សធម៌ទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ជនអន្តោប្រវេសន៍ជាង២០០០នាក់ គឺមិនមែនជាដំណោះស្រាយ ដែលអាចទទួលយកបានសម្រាប់អាល្លឺម៉ង់ និងសហភាពអឺរ៉ុបទេ»។
រីឯអធិបតីប្រទេសអូទ្រីសវិញបាននិយាយថា៖ «EU មិនត្រូវចុះចាញ់នឹងការជំរិតពីលូកាសិនកូទេ។ យើងត្រូវឆ្លើយតបដោយរួបរួម និងច្បាស់លាស់ ចំពោះការវាយប្រហារកូនកាត់ ដែលឧបត្ថម្ភដោយរដ្ឋនេះមកលើសហភាពអឺរ៉ុប៕