នាវាចម្បាំងរបស់សហរដ្ឋអាមេរិក បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបសាជាថ្មីទៀត បើទោះបីជាមានការថ្កោលទោសពីចិន
តៃវ៉ាន់៖ នាវាចម្បាំងអាមេរិកមួយគ្រឿង នៅថ្ងៃអង្គារនេះ បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ជាផ្នែកដែលយោធាអាមេរិកហៅថា ជាទម្លាប់ ប៉ុន្តែតែងតែធ្វើឱ្យរដ្ឋាភិបាលចិនជឿថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធ្វើឱ្យមានភាពតានតឹងក្នុងតំបន់។
ស្របពេលជាមួយគ្នានោះដែរ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាចម្បាំង Arleigh Burke-class Milius បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់តាមដែនទឹកអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ ហើយថា ការឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ យោធាអាមេរិកអាចហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត។
គួរបញ្ជាក់ផងដែរថា កាលពីខែមុន យោធាចិនបានថ្កោលទោសអាមេរិក និងកាណាដា ចំពោះការបញ្ជូននាវាចម្បាំងតាមច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថា ពួកគេកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ចិនបានទាមទារគ្រប់គ្រងតៃវ៉ាន់តាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយបានបន្តបេសកកម្មកងទ័ពអាកាសម្តងហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបង្កឱ្យមានកំហឹងនៅទីក្រុងតៃប៉ិ៕ ប្រភព៖ CNA