ចិនព្រមានក្រុមហ៊ុន ដែលគាំទ្រការទាមទារឯករាជ្យ របស់កោះតៃវ៉ាន់
ប៉េកាំង៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានក្រុមធុរកិច្ចតៃវ៉ាន់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិនដីគោក ដើម្បីប្រឆាំងនឹងការចូលដៃជើងជាមួយកងកម្លាំងគាំទ្រឯករាជ្យនៅកោះតៃវ៉ាន់។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោកស្រី ហ៊្សូ ហ្វឹងលាន បានចេញការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
ការព្រមាននេះដែរបានកើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានរាយការណ៍ថា ក្រុមហ៊ុនដែលដំណើរការដោយក្រុមហ៊ុន ហ្វា អេស្ទឺន គ្រុប (Far Eastern Group) របស់តៃវ៉ាន់ត្រូវបានពិន័យដោយអាជ្ញាធរក្នុងតំបន់ នៅកន្លែងដូចជាទីក្រុងសៀងហៃ និង ជាំងស៊ូ សម្រាប់សកម្មភាពខុសច្បាប់ជាច្រើនដែលត្រូវបានចោទប្រកាន់។
លោកស្រី ហ្ស៊ូ មិនបានបញ្ជាក់អោយច្បាស់លាស់ថាតើក្រុមហ៊ុន ហ៊ុន ហ្វា អេស្ទឺន គ្រុប មានទំនាក់ទំនងជាមួយកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់ឬយ៉ាងណាទេ។ ប៉ុន្តែលោកស្រី ហ៊្សូ បាននិយាយថា ខណៈពេលដែលទីក្រុងប៉េកាំងស្វាគមន៍ក្រុមហ៊ុនតៃវ៉ាន់ដែលរីកចម្រើននៅក្នុងប្រទេសចិនដីគោក ខ្លួននឹងមិនអាចអនុញ្ញាតឱ្យអ្នកគាំទ្រឯករាជ្យរបស់តៃវ៉ាន់អាចរកប្រាក់នៅលើទឹកដីចិនដីគោកបានទេ។ បន្ថែមលើនេះ លោកស្រី ហ៊្សូ ថែមទាំងបានព្រមានទៀតថា អាជីវកម្មតៃវ៉ាន់គួរតែគូសបន្ទាត់អោយច្បាស់លាស់រវាងខ្លួនពួកគេ និងអ្នកគាំទ្រឯករាជ្យកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបាននិងកំពុងបង្កើនសម្ពាធលើរដ្ឋបាលរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន។ តួយ៉ាង កាលពីដើមខែនេះ លោកស្រី ហ៊្សូ បានប្រកាសថា ប្រទេសចិននឹងដាក់ទណ្ឌកម្មប្រជាជននៅក្នុងបញ្ជី នៃអ្វីដែលខ្លួនហៅថា “អ្នកបំបែកខ្លួនដ៏រឹងរូស”៕ ប្រភព៖ NHK