អាមេរិកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលលទ្ធិប្រជាធិបតេយ្យ”កំពុងថមថយ” របស់អង្គការក្រៅរដ្ឋាភិបាលឈ្មោះ វិទ្យាស្ថានអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត (IDEA)

អត្ថបទដោយ៖
AMS OneMinute

របាយការណ៍របស់ IDEA ដែលមានចំណងជើងថា “ស្ថានភាពសកលនៃប្រជាធិបតេយ្យឆ្នាំ ២០២១” ចែកប្រទេសជាង ១៦០ ក្នុងពិភពលោកជាបីប្រភេទគឺ លទ្ធិប្រជាធិបតេយ្យ “ដើរថយក្រោយ” (backsliding government) រដ្ឋាភិបាល “កូនកាត់” (hybrid government) និងរបបផ្ដាច់ការ (authoritarian regimes)។

របាយការណ៍នេះ បានកំណត់អាមេរិក ជាប្រទេសដែលលទ្ធិប្រជាធិបតេយ្យកំពុងដើរថយក្រោយជាលើកដំបូង ហើយសញ្ញាណនៃការថមថយបានបង្ហាញចេញតាំងពីឆ្នាំ ២០១៩។

ជាក់ស្ដែង អតីតប្រធានាធិបតី Donald Trump បានចោទសួរពីភាពស្របច្បាប់នៃលទ្ធផលការបោះឆ្នោតឆ្នាំ ២០២០។ ការប្រកាន់បក្សពួកក្នុងប្រទេសកំពុងកើនឡើង ស្របពេលដែលការកើនឡើងនៃច្បាប់បោះឆ្នោតនៅតាមរដ្ឋនីមួយៗ ផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ជនជាតិភាគតិចក្នុងលក្ខណៈមិនស្មើភាព។

ចំនួននៃប្រទេសដែលលទ្ធិប្រជាធិបតេយ្យដើរថយក្រោយក្នុងពិភពលោកបានកើនឡើងទ្វេដង ដោយរួមមានទាំងសមាជិកសហភាពអឺរ៉ុប ហុងគ្រី ប៉ូឡូញ និងស្លូវើនៀផងដែរ។

ប្រភព៖ Aljazeera

ads banner