ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារររបស់លោកអ្នកនឹងអាចសម្រេចទៅបានតាមក្តីប៉ងប្រាថ្នា។ លោកអ្នកអាចរំពឹងថាទទួលបានឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារ ក៏ដូចជាទទួលបានផលតបស្នងចំពោះការខិតខំប្រឹងប្រែងបំពេញការងារពីសំណាក់ថ្នាក់លើផងដែរ។ ក្នុងពេលនេះក៏ជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការ   បណ្តាក់ទុន ឬប្រើប្រាស់លុយកាក់លើកិច្ចការងារនានា។ ប្រការដែលសំខាន់ សូមលោកអ្នកកុំមានការស្ទាក់ស្ទើរចំពោះក្តីសុបិន្ត ឬមានមហិច្ចតាធំលើការងារដែលអ្នកបានប៉ងប្រាថ្នា។ លោកអ្នកកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ដូច្នេះគ្រាន់តែលោកអ្នកត្រូវប្រើប្រាស់ពេលវេលា និងការគិតបន្ថែមប៉ុណ្ណោះ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាព និងពេលវេលាពេញលេញក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើម។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះការងារបច្ចុប្បន្ន ឬស្ថានភាពចាស់ គឺលោកអ្នកអាចផ្លាស់ប្តូរបាន មិនមានអ្វីជំទាស់នោះទេ។ ទន្ទឹមនឹងនោះដែរ លោកអ្នកអាចនឹងមិនមើលឃើញពីភាពរីកចម្រើនប៉ុន្មានទេនៅពេលព្រឹក ប៉ុន្តនៅចុងបញ្ចប់នៃការងារថ្ងៃនេះអ្នកនឹងអាចជំនះរាល់ការលំបាក ហើយទទួលបានផលល្អជាទីគាប់ចិត្ត។ ប្រការដែលសំខាន់បំផុត សូមលោកអ្នកកុំរស់នៅជាមួយកំហុសពីអតីតកាល ហើយព្យាយាមផ្លាស់ប្តូរការគិតមករកភាពវិជ្ជមានវិញ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកចំណាយពេលវេលាពេញមួយថ្ងៃនេះដើម្បីធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិតក្នុងការពិភាក្សាអំពីបញ្ហាសំខាន់។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកោតសរសើរ។ ទន្ទឹមនឹងនេះ ហោរាសាស្ត្រការងារផ្តល់អនុសាសន័ឲ្យអ្នកបោះបង់ការប៉ងប្រាថ្នាដើម្បីសម្រេចការងារច្រើនក្នុងពេលតែមួយ។ វាពិតជាគ្រប់គ្រាន់ហើយ ដែលអ្នកលះបង់ពេលវេលាសម្រាប់តែការងារ ឬទៅលើប្រធានបទសំខាន់បំផុត។ ដោយឡែក សូមលោកអ្នកកុំមានការសង្ស័យចំពោះការងារ ឬទឹកចិត្តមនុស្សនៅក្បែរអ្នក ពីព្រោះអ្វីៗអាចមិនអាក្រក់ដូចអ្នកគិតនោះទេ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការទាំងឡាយ។ ប្រតិបត្តិការតូចធំទាំងអស់នឹងទទួលបានភាពទូលំទូលាយ និងប្រកបដោយភាពងាយស្រួល។ លោកអ្នកអាចប្រើប្រាស់ពេលវេលាថ្ងៃនេះដើម្បីរៀបចំគម្រោងផែនការទៅអនាគតបានល្អ។ ក្នុងនោះដែរ មនុស្សនៅជុំវិញខ្លួនរបស់អ្នកនឹងពេញចិត្តចំពោះវិជ្ជាជីវៈ និងគំនិតរបស់អ្នកជាខ្លាំង។ ដោយឡែក មានស្ថានភាពអវិជ្ជមានខ្លះអាចនឹងកើតឡើងរវាងទំនាក់ទំនងមនុស្សក្នុងក្រុមប្រសិនបើអ្នកមិនគ្រប់គ្រងទឹកចិត្ត និងការមើលងាយស្ថានការណ៍របស់អ្នកនោះទេ។ ក្រៅពីនេះ សូមកុំបោះបង់ការគ្រប់គ្រងលើខ្លួនឯង។  

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានភាពលូតលាស់គួរឲ្យកត់សម្គាល់។ ប៉ុន្តែប្រហែលជាការងារទាំងនេះមិនទទួលបានការកត់សម្គាល់ និងគាំទ្រពីមនុស្សរួមការងារនោះទេ ដូច្នេះមិនចាំបាច់ព្យាយាមបង្ហាញការងារទាំងនេះដល់អ្នកទាំងនោះទេ វាគឺគ្រប់គ្រាន់ដែលអ្នកទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន។ ដោយឡែក លោកអ្នកអាចមានអារម្មណ៍មិនហ្នឹងហ្ន៎ ហើយឆាប់ទទួលយកឥទ្ធិពលពីខាងក្រៅ ដូច្នេះគួរគ្រប់គ្រងអារម្មណ៍។ ពិនិត្យ ពិចារណារាល់ហេតុការណ៍ដែលបានកើតឡើងមុនពេលជឿជាក់ទៅលើអ្នកដទៃ និងការផ្តល់ជូននានា។ អ្នកត្រូវប្រាកដពីការសម្រេចចិត្តរបស់ខ្លួន។  

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ប្រតិបត្តិការណ៍ហិរញ្ញវត្ថុ និងការធ្វើពាណិជ្ជកម្ម ដូច្នេះសូមព្យាយាមទាញយកអត្ថប្រយោជន៍អតិបរមាពីស្ថានភាពល្អទាំងនេះ។ ថ្ងៃនេះលោកអ្នកទទួលបានភាពសុទិដ្ឋិនិយមច្រើន ដូច្នេះការរៀបចំគម្រោងផែនការការងារទៅអនាគត ការចរចា និងដោះស្រាយបញ្ហាក៏នឹងអាចធ្វើទៅបានយ៉ាងងាយស្រួល។ លើសពីនេះ លោកអ្នកហាក់មានប្រៀបលើដៃគូជំនួញរបស់ខ្លួន។​ អ្នកអាចបង្កើតឳកាសដ៏ប្រសើរជាច្រើននៅពេលនេះ។ ប្រការសំខាន់ដែលអ្នកត្រូវជៀសវាង គឺការកុំជ្រៀតជ្រែកការងារ ឬផលប្រយោជន៍របស់អ្នកដទៃ។  

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ប្រសើរ។ លើសពីនេះ សូមកុំបដិសេធការផ្តល់ជូននានា ពិសេសសម្រាប់ដំណើរការអាជីវកម្ម។ លោកអ្នកនឹងមានពេលវេលាគិតពិចារណា និងអនុវត្តការងារតាមបំណង ដូច្នេះគ្មានហេតុផលណាមួយឲ្យអ្នកត្រូវប្រញាប់ប្រញាលនោះទេ។ ក្រៅពីនេះ ដំណើរទស្សនកិច្ចការងារទំនងជានឹងធ្វើឡើងនៅខែក្រោយ ដូច្នេះសូមត្រៀមខ្លួនឲ្យបានរួចរាល់ ពិសេសត្រូវយល់ដឹងពីការងាររបស់ខ្លួន។ បញ្ហាតូចតាចខ្លះ ឬភាពមិនចុះសម្រុងខ្លះអាចនឹងកើតឡើងជាមួយមនុស្សក្នុងក្រុមការងារ ដូច្នេះសូមមានការអនុគ្រោះ។  

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពថ្ងៃនេះហាក់ប្រទះនឹងឧបស័គ្គច្រើន ពិសេសទាក់ទងនឹងការងារចាស់។ បើទោះបីជាស្ថិតក្នុងស្ថានភាពយ៉ាងណាក្តី សូមមានការជឿជាក់លើវិជ្ជាជីវៈ និងវិចារណាញាណរបស់ខ្លួនឯង។  ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមចងចាំថា សារសំខាន់នៃភាពជោគជ័យគឺការខិតខំប្រឹងប្រែង។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពអាក្រក់នៅក្នុងពេលនេះបាន ដោយគ្មានតែយកចិត្តទុកដាក់លើការងារដែលមានក្នុងដៃ ហើយព្យាយាមស្វែងរកពត៌មានបន្ថែ។ ប្រសិនបើអ្នកជួបស្ថានភាពដែលមិនអាចដោះស្រាយបាន សូមកុំភ្លេចស្វែងរកជំនួយពីមនុស្សនៅក្បែរខ្លួន។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកគួរប្រើប្រាស់ពេលវេលាថ្ងៃនេះដើម្បីរៀបចំផែនការអាជីពទៅអនាគត។ ភាពចម្រើនលូតលាស់ជាទីពេញចិត្តនឹងកើតឡើងចំពោះលោកអ្នកយ៉ាងប្រាកដណាស់ ហេតុដូច្នេះសូមបន្តកិច្ចការងាររបស់ខ្លួន។ ការផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបាន ប៉ុន្តែការងារបច្ចុប្បន្នក៏ហុចផលយ៉ាងប្រសើរផងដែរ ដូច្នេះលោកអ្នកអាចធ្វើការសម្រេចចិត្តបានតាមប្រាថ្នា។ ដោយឡែក ការសង្ស័យ និងភាពរអាក់រអួលក្នុងការសម្រេចចិត្តអាចនឹងមានឥទ្ធិពលចំពោះលោកអ្នកនៅពេលព្រឹក ដូច្នេះគួរស្វែងរកពត៌មានសម្រាប់បម្រុង។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំ និងរំលឹងចំពោះការសងបំណុល ឬចាត់ចែងលុយកាក់ឲ្យបានទាន់ពេលវេលា។ ប្រហែលជាអ្នកអាចនឹងជួបបញ្ហាដោយសារភាពភ្លេចភ្លាំង ការយល់ច្រលំក្នុងការទូទាត់លុយកាក់ជាដើម។ ក្នុងនោះដែរ ចំពោះលោកអ្នកដែលបំពេញការងាររដ្ឋ​ និងឯកជនអាចនឹងជួបប្រទះការបាត់បង់ពត៌មាន ការផ្តល់របាយការណ៍យឺតជាដើម។ ចំពោះការសម្រេចចិត្តទាំងឡាយណាដែលគ្មានប្រភពពត៌មានច្បាស់លាស់មិនគួរប្រថុយប្រថាននោះទេ។ កំហុសទាំងឡាយ ទោះបីអចេតនាក្តីក៏នឹងបង្កផលប៉ះពាល់ក្នុងរយៈពេលយូរ។

ឆ្នាំចរ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យពិចារណាលើការងារចំបង។ អ្នកអាចនឹងខកចិត្តក្នុងអាជីពរបស់អ្នក ឬក្តីសុបិន្តចង់បានមុខតំណែងខ្ពស់ជាងនេះ។ ក្នុងនោះដែរ ការប្រជុំពិភាក្សាលើប្រធានបទមិនចាំបាច់ គឺជាការខាត់បង់​ និងអាចបង្ករបញ្ហាបានដោយងាយស្រួល។ លោកអ្នកគួរព្យាយាមគិតវិជ្ជមាន ហើយកុំមានការសង្ស័យដោយគ្មានមូលដ្ឋាន។ ដោយឡែក ពេលវេលានេះមានអំណោយផលយ៉ាងពិសេសក្នុងការរៀបចំពិធីមង្គល ការឡើងគេហដ្ឋាន និងការបើកអាជីវកម្មថ្មី។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ គ្រាន់តែលោកអ្នកត្រូវហត់នឿយបន្តិច។ សម្រាប់លោកអ្នកដែលកំពុងប្រកបជំនួញទាក់ទងនឹងចលន និងអចលនទ្រព្យនឹងអាចទទួលបានផលចំនេញច្រើន ហើយអតិថិជនក៏នឹងគាំទ្រយ៉ាងពេញទំហឹងផងដែរ។ ប៉ុន្តែសូមលោកអ្នកកុំភ្ជាប់សារសំខាន់ការងារទៅនឹងភាពបរាជ័យនានា ឬមានការសង្ស័យច្រើន ពីព្រោះទស្សនវិជ្ជមានទាំងនេះនឹងបង្អាក់ជំហានរបស់អ្នក ពិសេសធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ លើសពីនេះ គួរបង្កើនទំនាក់ទំនងជាមួយមនុស្សក្បែរខ្លួន ហើយត្រូវប្រកាន់ភាពស្មោះត្រង់ជានិច្ច៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner