WHO៖ ចំនួនស្លាប់សរុបដោយសារ Covid-19 នៅអឺរ៉ុបអាចនឹងកើនឡើងដល់ ២.២លាននាក់នៅត្រឹមខែមីនា ឆ្នាំ២០២២
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា មនុស្សប្រមាណ ៧០ម៉ឺននាក់អាចនឹងត្រូវបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩នៅក្នុងតំបន់អឺរ៉ុប គិតត្រឹមខែមីនា ឆ្នាំ២០២២ខាងមុខ ធ្វើអោយចំនួនអ្នកស្លាប់សរុបទូទាំងទ្វីបនេះ ត្រូវបានគេរំពឹងថា នឹងកើនដល់ ២.២លាននាក់ ខណៈបណ្តាប្រទេសក្នុងប្លុកនេះ ក៏កំពុងជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំង និងចាក់វ៉ាក់សាំងដូសជំរុញផងដែរ។
អង្គការសុខភាពពិភពលោក WHO បានចាត់ទុកស្ថានការណ៍នេះថា ធ្ងន់ធ្ងរខ្លាំង និងរំពឹងថា ការវាយប្រហារដ៏អាក្រក់ ឬធ្ងន់ធ្ងរនឹងកើតឡើងលើមន្ទីរពេទ្យក្នុងប្រទេស ២៥ ក្នុងចំណោមប្រទេស ៥៣ក្នុងតំបន់ ហើយកន្លែងសង្គ្រោះបន្ទាន់ក្នុងប្រទេស ៤៩ ក៏គ្របដណ្តប់ដោយអ្នកជំងឺផងដែរ។ អង្គការសុខភាពពិភពលោកបាននិយាយថា ចំនួនអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដ៏ច្រើន ព្រមទាំងការថយចុះការការពារនៃវ៉ាក់សាំង គឺជាកត្តាដែលជំរុញឱ្យមានករណីឆ្លងខ្ពស់នៅក្នុងទ្វីបអឺរ៉ុប បូករួមនឹងការផ្ទុះឡើងវីរុសបម្លែងខ្លួនថ្មី Delta និងការបន្ធូរបន្ថយវិធានការអនាម័យ។
ស្របពេលជាមួយគ្នានេះដែរ នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បានជំរុញឱ្យប្រជាជនទៅទទួលថ្នាំបង្ការជំងឺកូវីដ១៩ និងចាក់ដូសទី៣ ឬដូសជំរុញបន្ថែមទៀត ប្រសិនបើត្រូវបានផ្តល់ជូន៕ ប្រភព៖ CNA
