ផ្ទះដែលត្រូវសាងសង់សម្រាប់អតីតយុទ្ធជន លែងមានទំហំ ៤ គុណ ៦ ម៉ែត្រទៀតហើយ គឺមានទំហំ ៥ គុណ ៧ម៉ែត្រ នេះជាបណ្ដាំផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ ផ្ទះដែលត្រូវសាងសង់សម្រាប់អតីតយុទ្ធជនលែងមានទំហំ 4 គុណ 6 ម៉ែត្រទៀតហើយ គឺមានទំហំ 5 គុណ 7ម៉ែត្រ នេះជាបណ្ដាំផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១នេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ក្នុងគម្រោងផែនការ កសាងភូមិថ្មីមួយ ឈ្មោះ ភូមិសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អូរកាខុប ២២ ដែលនឹងត្រូវកសាងផ្ទះចំនួន ១៥០ខ្នង ក្នុងនោះ ១០០ខ្នងរបស់អាជ្ញាធរខេត្ត និង ៥០ខ្នងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្រាប់ជូនដល់អតីតយុទ្ធជនក្រីក្រគ្មានផ្ទះសម្បែង ដីធ្លីរស់នៅ ។ ភូមិថ្មីនេះនឹងក្លាយជាភូមិគំរូ ដោយមានការអភិវឌ្ឍ ផ្លូវកៅស៊ូ ដែលលំអរដោយដើមក្ងោក សងខាង រួមនិងហេដ្ឋារចនាសម្ព័ន្ធមានភ្លើងអគ្គិសនី ទឹកស្អាតប្រើប្រាស់ ដែលនឹងក្លាយជាតំបន់ទេសចរណ៍មួយទៅថ្ងៃអនាគត ។
ក្នុងឱកាសនោះ អតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដែលបានចូលរួមក្នុងកម្មវិធី បានទទួលអំណោយ ក្នុង ១គ្រួសារៗអង្ករ ២៥គីឡូក្រាមមី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់ ១ប្រអប់ និងថវិកា ១៥ម៉ឺនរៀល ដែលក្នុងនោះថវិកា ១០ម៉ឺនរៀលជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម និង ៥ ម៉ឺនរៀលទៀត ជាថវិការបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ៕ សុខ គឹមសៀន