ប្តីប្រពន្ធ ២នាក់ ត្រូវបានម្ចាស់ផ្ទះចាក់សោរពីខាងក្រៅ បង្ខាំងទុកក្នុងក្រុមហ៊ុនជេស៊ីអ៊ែឡាញ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍
ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ត្រូវបានម្ចាស់ផ្ទះចាក់សោរពីខាងក្រៅបង្ខាំងទុក ក្នុងក្រុមហ៊ុនជេស៊ីអ៊ែឡាញ អស់រយ:ពេលជាច្រើនម៉ោង ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនជេស៊ីអ៊ែឡាញ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ផ្ទះលេខ២៤៧ ក្រុម៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធ២នាក់ ដែលត្រូវបានម្ចាស់ផ្ទះចាក់សោរមានឈ្មោះ ទី១,លាវ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់បន្ទប់ជួលម្តុំផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងទី២,ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអនាម័យរបស់ក្រុមហ៊ុនជេស៊ីអ៊ែឡាញ ស្នាក់នៅជាមួយគ្នា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី បានដឹកប្រពន្ធចេញពីបន្ទប់ជួល មកកាន់ក្រុមហ៊ុនជេស៊ីអ៊ែឡាញ ដើម្បីបោសសំអាត ខណ:ជនរងគ្រោះទាំង២នាក់ ដើរចូលទៅក្នុងក្រុមហ៊ុន ដើម្បីធ្វើការបោសសំអាត ក៏ស្រាប់តែម្ចាស់ផ្ទះមកដល់ ហើយក៏បានចាក់សោរពីខាងក្រៅ ដោយប្រាប់ថា ចាំដោះស្រាយគ្នាចប់សព្វគ្រប់សិន បានចាក់សោរពួកគាត់ចេញមកក្រៅវិញ ពេលនោះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានប្រាប់ម្ចាស់ផ្ទះវិញថា ពួកខ្ញុំអត់ដឹងរឿងអ្វីនោះទេ ពួកខ្ញុំគ្រាន់តែជាកម្មករបោសសំអាតឲ្យក្រុមហ៊ុនតែប៉ុណ្ណោះ ដោយម្ចាស់ផ្ទះមិនបានស្តាប់ហេតុផល អ្នកទាំងពីរនោះទេ ដោយចាក់សោរបង្ខាំងឲ្យនៅខាងក្នុង ហើយក៏បានជិះម៉ូតូទៅបាត់។
ដោយសារតែជនរងគ្រោះ ដល់ម៉ោងឃ្លានអាហារថ្ងៃត្រង់ ទើបពួកគាត់បានគោះទ្វារហៅសន្តិសុខ ដែលយាមនៅក្បែរនោះ ឲ្យជួយប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ខណ:ពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទទួលបានករណីនេះភ្លាមកម្លាំងមានសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ក៏បានឃើញជាក់ស្តែង នូវការបង្ខាំងមនុស្សនៅខាងក្នុង រួចក៏បានទំនាក់ទំនងទៅខាងម្ចាស់ផ្ទះ ឲ្យយកសោរមកចាក់ឲ្យជនរងគ្រោះ ចេញមកខាងក្រៅវិញ និងនាំជនរងគ្រោះនិងម្ចាស់ផ្ទះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១។
បន្ទាប់ពីសមត្ថកិច្ចសាកសួរមូលហេតុ នៃការចាក់សោរបង្ខាំងមនុស្សនេះ ទើបបែកធ្លាយការពិត គឺក្រុមហ៊ុនក្ស័យធន់ មិនដំណើរការ គ្មានលុយបង់ប្រាក់ខែថ្លៃផ្ទះជួល ហើយនៅយប់មិញនេះ ខាងក្រុមហ៊ុនលួចដឹកសម្ភារ:ចេញចំនួន៣ឡានហើយ ទើបម្ចាស់ផ្ទះមានការបារម្ភ ខ្លាចខាងភាគីក្រុមហ៊ុន មិនទាន់បានទូទាត់សងប្រាក់រួចរាល់ ទើបគាត់សម្រេចចិត្តចាក់សោរផ្ទះជាបណ្តោះអាសន្នសិន ក្រោយពេលសមត្ថកិច្ចសាកសួរ និងដឹងហេតុផលច្បាស់លាស់ ហើយទើបអប់រំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ ឆៃហួត និងប៊ុនធី