លោក វ៉្លាឌីមៀ ពូទីន៖ ផែនការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងបេឡារុស នឹងមិនអាចស្ដារស្ថានការណ៍ឱ្យប្រសើរឡើងវិញបានទេ

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ផែនការដាក់ទណ្ឌកម្មថ្មីណាមួយពីសំណាក់សហភាពអឺរ៉ុបប្រឆាំងបេឡារុស នឹងមិនអាចស្ដារស្ថានការណ៍ឱ្យប្រសើរឡើងវិញបាននោះទេ។

នាឱកាសនោះដែរ លោក ពូទីន ថែមទាំងបានអះអាងដែរថា ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងកាណុងបាញ់ទឹកលើជនអន្តោប្រវេសន៍ដោយអាជ្ញាធរប៉ូឡូញ គួរតែត្រូវបានបញ្ឈប់ ដើម្បីបញ្ចៀសកុំឱ្យវិបត្តិកាន់តែមានសភាពធ្ងន់ធ្ងរបន្ថែមទៀត។ ដោយឡែក លោក ឆាល មីសែល បានឱ្យដឹងពីជំនួបរវាង លោក និងលោក ពូទីន នៅក្នុងសារមួយបង្ហោះលើធ្វីតធើ ជាមួយការបញ្ជាក់ថា លោកបានរំលឹកលោក ពូទីន ពីទំនួលខុសត្រូវរបស់រុស្ស៊ីចំពោះការផ្សះផ្សាជម្លោះនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះថែមទាំងប្រាប់លោក ពូទីន ដែរថា សហភាពអឺរ៉ុបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបង្កើនសកម្មភាពយោធារបស់រុស្ស៊ីនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយការបន្ធួរបន្ថយភាពតានតឹង និងរក្សាស្ថិរភាព គឺជារឿងចាំបាច់បំផុត៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner