អង្គភាពចំនួន ២៧ ក្នុងនោះ ១២ នៅចិន ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ស្ថិតក្រោមហេតុផលបញ្ហាសន្តិសុខជាតិ
វ៉ាស៊ីនតោន៖ អង្គភាពបរទេសចំនួន ២៧ រួមទាំងអង្គភាព ១២ មកពីប្រទេសចិន ត្រូវបានរដ្ឋបាលលោក ចូ បៃដិន ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ស្ថិតក្រោមហេតុការណ៍ព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្មអាមេរិក។
នៅក្នុងច្បាប់ចុងក្រោយនេះ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) បានធ្វើវិសោធនកម្មបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញ (EAR) ដោយបន្ថែមអង្គភាពចំនួន ២៧ ទៅក្នុងបញ្ជីអង្គភាព។ ហើយក្រៅពីអង្គភាពចិនទាំង ១២ នោះ បញ្ជីនេះក៏មានអង្គភាពមកពីប្រទេសជប៉ុន ប៉ាគីស្ថាន និងសិង្ហបុរី ព្រមទាំងអង្គភាពមួយមានមូលដ្ឋាននៅរុស្ស៊ីផងដែរ។ បើយោងតាមឯកសារ គឺក្រុមហ៊ុនទាំងនោះ បានសហការជាមួយក្រុមហ៊ុនជួរមុខរបស់កូរ៉េខាងជើង រដ្ឋាភិបាលចិន និងអង្គភាពរងឧស្សាហកម្មការពារជាតិជាដើម។
គួរបញ្ជាក់ថា អង្គភាពចំនួន ២៧ខាងលើនេះ ត្រូវបានកំណត់ដោយរដ្ឋាភិបាលអាមេរិកថា កំពុងធ្វើសកម្មភាពផ្ទុយទៅនឹងសន្តិសុខជាតិ ឬគោលនយោបាយការបរទេសផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ នេះបើតាមការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) បានបញ្ជាក់នៅក្នុងច្បាប់មួយដែលត្រូវបានបង្ហោះនៅ Federal Register៕ ប្រភព៖ uniindia.com