ធនាគារ FTB វិនិយោគប្រាក់ ២០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី
ភ្នំពេញ៖ លោក វ៉ាន់ ឆារស៍ អគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment Co.Ltd (CAIC)បញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណរបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPI) នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ NPPIA នៅខេត្កកណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន ២៧% ត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC។
លោក វ៉ាន់ ឆារស៍ បានបញ្ជាក់បែបនេះនៅក្នុងពិធីចុះហត្ថលេខាមួយដែលធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC), Cambodia Airport Investment Co., Ltd (CAIC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ២០លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) (ការបោះផ្សាយជាលក្ខណៈបុគ្គល)។
អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្ដិធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានបញ្ជាក់ថា ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញគាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។
លោកបន្ថែមថា ផ្អែកមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍ ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារ ដែលមានចំនួនប្រមាណ ១,៧ប៊ីលានដុល្លារ ទំហំឥណទានសរុបប្រមាណ ១,១ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ ១,៥ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារពាណិជ្ជកម្មប្រទេស នៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕