អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ នៅខែធ្នូ ខាងមុខនេះ
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គររួមមាន ខាងមុខប្រាសាទអង្គរវត្ដ ប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹគុណអង្គរ» ដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ ក៏ដូចជាប្រាង្គប្រាសាទបុរាណទាំងអស់ ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិនាពេលនេះ។
ឯកឧត្ដម ជុំ សុភមករា អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរនេះ គ្រោងនឹងធ្វើឡើងនៅរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២២ តទៅ។ពីធីដឹងគុណអង្គរ ធ្វើឡើង ក្នុងគោលបំណង ដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទ ដែលជាកេរតំណែល យ៉ាងច្រើនឥតគណនា ក្នុងនោះ មានរមណីយដ្ឋានអង្គរផងដែរ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន។
ព្រឹត្តិការណ៍នេះដែរ ក៏ដើម្បីបង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ក្នុងបំណង ដើម្បីកិច្ចការអភិរក្សប្រាសាទ ដែលជាមរតកដ៏សំខាន់សម្រាប់ប្រជាជាតិយើង។ ឯកឧត្ដម បានបន្ដថា ព្រឹត្តិការណ៍នេះ ក៏នឹងបើកឱកាសដល់សាធារណជន អាចចុះឈ្មោះ ដើម្បីទស្សនកិច្ចស្វែងយល់នៅតាមការដ្ឋានការងារជួសជុលប្រាសាទនានា ដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផងដែរ។ ជាមួយនោះសាធារណជន អាចដឹងកាន់តែច្បាស់ពីកិច្ចការងារទាំងនោះ និងគោលបំណងលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងពិធីរំលឹកគុណអង្គរនេះ ក៏មានការរៀបចំការបង្ហាញពិធីសាសនា ការបង្ហោះខ្លែង សម្ដែងសិល្ប: ល្ងោនបាសាក់ ល្ងោនស្បែងធំ វប្បធម៌ចាក់សាក់ និងមានការតាំងពិព័ណ៌ស្នារដៃផ្សេងៗ ដែលកូនខ្មែរបានធ្វើកន្លងមក។ ឯកឧត្ដម បានបន្ថែមថា ការបង្ហាញនូវវប្បធម៌នៅក្នុងកម្មវិធីរំលឹកគុណអង្គរនេះ ដើម្បីបង្ហាញ ក៏ដូចជាដាស់ស្មារតីឱ្យកូនខ្មែរចេះស្រលាញ់ពីវប្បធម៌សិល្ប:របស់ខ្លួន ដែលបានបន្សល់ទុកតាំងពីដូនតាមក ព្រោះថាកូនខ្មែរសម័យនេះ ពេលទំនេរមិនត្រូវសំឡឹងមើលតែទូរស័ព្ទនោះទេ ពោលកូនខ្មែរមួយចំនួនមិនសូវចាប់អារម្មណ៍ពីវប្បធម៌របស់ខ្លួនឡើយ។
បើតាមឯកឧត្ដម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្រាសាទអង្គរវត្ដ គឺជាវប្បធម៌រស់ ហើយក៏ជាផលប្រយោជន៍មួយខ្លាំងជាងអណ្ដូងប្រេងកាត ដែលបូមមិនចេះរីងស្ងួត ពោលប្រាសាទអង្គរវត្ដ បានផ្ដល់អត្ថប្រយោជន៍ជាធនធានសេដ្ឋកិច្ច និងវប្បធម៌ យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជានៅលើពិភពលោកផងដែរ។ ឯកឧត្ដម បានបន្ដថា មុននឹងមានព្រឹត្តិការណ៍រំលឹកថាគុណអង្គរនេះដែរ ក៏មានកម្មវិធីដាច់ដោយឡែកមួយទៀត ដែលរៀបចំឡើងដោយវិស័យឯកជន រយ:ពេល ២ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ដែលជាពិធីសាសនា និងការសម្ដែងសិល្ប: នៅទីតាំងដូចគ្នាជាមួយកម្មវិធីរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជឿជាក់ថា សាធារណជននឹងចូលរួមព្រឹត្តិការណ៍ខាងលើនេះ បានច្រើនកុះករ និងចូលរួមថែរក្សាសុខភាពខ្លួនឯងឱ្យបានគ្រប់ៗគ្នា គឺត្រូវរៀនរស់ក្នុងបរិបទថ្មី នៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប