ប៉ូលិសអេស្ប៉ាញបាតុកម្មនៅម៉ាឌ្រីដប្រឆាំងកំណែទម្រង់ «ច្បាប់រឹតត្បិតការបញ្ចេញមតិ»
កាលពីថ្ងៃសៅរ៍សប្ដាហ៌មុន ប៉ូលិសអេស្ប៉ាញរាប់ពាន់នាក់បានប្រមូលផ្ដុំធ្វើបាតុកម្មនៅក្នុងរាជធានីម៉ាឌ្រីដ ដើម្បីតវ៉ាប្រឆាំងនឹងសំណើកំណែទម្រង់ច្បាប់សន្តិសុខ ដោយអះអាងថាវានឹងរារាំងដល់សមត្ថភាពធ្វើការរបស់ពួកគេ។
អ្នកនយោបាយមកពីគណបក្សអភិរក្សនិយមធំៗបីរបស់ប្រទេសអេស្ប៉ាញ បានចូលរួមជាមួយមន្ត្រីប៉ូលិសក្នុងការតវ៉ាប្រឆាំង នឹងសំណើកំណែទម្រង់ចំពោះច្បាប់ស្ដីពីសន្តិសុខប្រជាពលរដ្ឋឆ្នាំ ២០១៥ ដែលអ្នករិះគន់និយាយថាបំពានសិទ្ធិក្នុងការធ្វើបាតុកម្ម និងដាក់កម្រិតសេរីភាពនៃការបញ្ចេញមតិ។
ដាក់ឈ្មោះថា «ច្បាប់រិតត្បិតការបញ្ចេញមតិ» ដោយក្រុមអ្នកប្រឆាំង ច្បាប់នេះអនុញ្ញាតឱ្យអាជ្ញាធរផាកពិន័យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំពោះការចេញផ្សាយរូបភាពប៉ូលិសដោយគ្មានការអនុញ្ញាត ដាក់កម្រិតយ៉ាងខ្លាំងទៅលើការធ្វើបាតុកម្ម និងផាកពិន័យយ៉ាងធ្ងន់ទៅលើអ្នកល្មើស។
រដ្ឋាភិបាលឆ្វេងនិយមរបស់អេស្ប៉ាញបានស្នើកំណែទម្រង់មួយចំនួន ដែលរួមមានការបញ្ឈប់ការចាត់ទុកការថតរូប ឬថតសំឡេងប៉ូលិសក្នុងកំឡុងពេលបាតុកម្មជាបទល្មើសធ្ងន់ធ្ងរ។ កំណែទម្រង់នេះក៏តម្រូវឱ្យប៉ូលិសប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម បង្កផលប៉ះពាល់តិចតួច បន្ទាប់ពីបាតុករមួយចំនួនរងរបួសធ្ងន់ធ្ងរពីគ្រាប់ជ័រ។
ក្រុមគណបក្សស្ដាំនិយម និងប៉ូលិសបាននិយាយថាកំណែទម្រង់បែបនេះគឺប្រឆាំងនឹងប៉ូលិស ហើយរដ្ឋាភិបាលគួរតែមិនធ្វើកំណែទម្រង់ ឬ«ធ្វើឱ្យច្បាប់នេះកាន់តែល្អសម្រាប់ប៉ូលិស និងប្រជាពលរដ្ឋ»៕

ប្រភព៖ Reuters