បារាំងពិចារណាដាក់ស្វ័យភាពមួយចំនួនសម្រាប់កោះក្នុងសមុទ្រការ៉ាអ៊ីបរបស់ខ្លួន ចំពេលមានចលាចល
រដ្ឋាភិបាលបារាំង កំពុងពិចារណាផ្តល់ស្វ័យភាពមួយចំនួនដល់តំបន់បណ្ដុំកោះ Guadeloupe បន្ទាប់ពីកុប្បកម្ម និងការតវ៉ាធំៗប្រឆាំងនឹងការរឹតបន្តឹងដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណាដែលធ្វើឱ្យសេដ្ឋកិច្ចរអាក់រអួល កើតឡើងលើកោះលើសមុទ្រការ៉ាអ៊ីបមួយនេះ។
រដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការបរទេសលោក Sebastien Lecornu និយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃសុក្រថា រដ្ឋាភិបាលត្រៀមខ្លួនរួចជាស្រេចដើម្បីនិយាយអំពីស្វ័យភាពសម្រាប់កោះនេះ។
លោកថា៖ «មន្ត្រីជាប់ឆ្នោតមួយចំនួនសួរសំណួរអំពីស្វ័យភាព។ យោងទៅតាមពួកគេ បណ្ដុំកោះ Guadeloupe អាចគ្រប់គ្រងខ្លួនឯងប្រសើរជាង។ ពួកគេចង់បានសមភាពតិចជាមួយបារាំង និងសេរីភាពក្នុងការសម្រេចចិត្តដោយមន្ត្រីជាប់ឆ្នោតក្នុងតំបន់ច្រើន»។
កុបកម្មនៅ Guadeloupe ដែលជាប្រជុំកោះចំនួនប្រាំពីរក្រោមការគ្រប់គ្រងរបស់បារាំងតាំងពីឆ្នាំ ១៦៧៤ និងកោះ Martinique ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបារាំងដូចគ្នា ផ្ទុះឡើងជាច្រើនថ្ងៃមកហើយ ដើម្បីប្រឆាំងនឹងវិធានការកាតព្វកិច្ចចាក់វ៉ាក់សាំងដែលរដ្ឋាភិបាលបារាំងដាក់ចេញ។ ពលរដ្ឋក៏មានការខឹងសម្បារផងដែរចំពោះភាពអត់ការងារធ្វើខ្ពស់ និងប័ណ្ណសុខភាពដែលតម្រូវឱ្យខ្លួនបង្ហាញពីតេស្តអវិជ្ជមាននៃវីរុសកូរ៉ូណា ឬភស្តុតាងនៃការចាក់វ៉ាក់សាំង មុននឹងចូលទៅក្នុងទីសាធារណៈ។
ការប្រកាសរបស់លោក Lecornu កាលពីថ្ងៃសុក្រ ត្រូវបានអ្នកនយោបាយនាំមុខគេមួយចំនួននៅបារាំងធ្វើការរិះគន់។ លោក Xavier Bertrand ដែលជាអ្នកនយោបាយអភិរក្សនិយមត្រៀមខ្លួនប្រកួតប្រជែងនឹងតំណែងប្រធានាធិបតីសរសេរលើបណ្ដាញសង្គមធ្វីតធឺររបស់លោកថា ប្រជាជនរស់នៅប្រជុំកោះ Guadeloupe និងកោះ Martinique មិនចង់ឱ្យបារាំងគ្រប់គ្រងតិចជាងនេះទេ ផ្ទុយទៅវិញពួកគេចង់ឱ្យបារាំងឈរនៅខាងពួកគេ និងធ្វើការទទួលខុសត្រូវ។
លោក Lecornu និយាយថា ការបើកកិច្ចសន្ទនាជាមួយប្រជាពលរដ្ឋនឹងជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ភាគីទាំងអស់។ លោកបន្ដថា៖ «មិនមានការជជែកវែកញែកអាក្រក់ទេ។ ដរាបណាការជជែកដេញដោលទាំងនេះបម្រើដើម្បីដោះស្រាយបញ្ហាពិតប្រាកដរបស់ប្រជាជនរស់នៅប្រជុំកោះ Guadeloupe»។

ប្រភព៖ The Hill