ប្រជាពលរដ្ឋហ្សកដានីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងទឹក-ថាមពលជាមួយអ៊ីស្រាអែល
អាម៉ាន់៖ ប្រជាពលរដ្ឋហ្ស៊កដានីជាច្រើនពាន់នាក់ ចូលរូមការតវ៉ាកាលពីថ្ងៃសុក្រសប្ដាហ៌មុនប្រឆាំងនឹងកិច្ចព្រមព្រៀងទឹក-ថាមពលជាមួយអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ដោយអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនលុបចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានអាយុកាលចំនួន ២៧ឆ្នាំជាមួយអ៊ីស្រាអែល ហើយនិយាយថាការធ្វើឱ្យប្រក្រតីភាពណាមួយជាមួយប្រទេសនេះគឺជាការចុះចូលដ៏អាម៉ាស់។
ក្រោមកិច្ចព្រមព្រៀងថ្មីដែលធ្វើឡើងកាលពីថ្ងៃចន្ទ ហ្ស៊កដានីនឹងទទួលបានទឹកសាបដែលចម្រាញ់ចេញពីសមុទ្រចំនួន ២០០ លានម៉ែត្រគូបពីអ៊ីស្រាអែល ជាថ្នូរនឹងថាមពលអគ្គីសនី ៦០០ មេហ្គាវ៉ាត់ដែលផលិតពីរោងចក្រថាមពលពន្លឺព្រះអាទិត្យដែលផ្តល់មូលនិធិដោយអារ៉ាប់រួមនៅប្រទេសហ្ស៊កដានី។
ការតវ៉ានេះមិនយល់ស្របនឹងកិច្ចព្រមព្រៀងនេះដោយលើកឡើងថា វាជាការឆ្ពោះទៅរកការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ខណៈពេលដែលប្រទេសនេះនៅតែបន្តកាន់កាប់ទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកប្រឆាំងក៏ព្រមានផងដែរថា កិច្ចព្រមព្រៀងនេះនឹងបង្ខំឱ្យហ្ស៊កដានីពឹងផ្អែកលើប្រទេសជិតខាងរបស់ខ្លួន។
បាតុកម្មកាលពីថ្ងៃសុក្រ ត្រូវបានរៀបចំឡើងដោយគណបក្សប្រឆាំងចម្រុះរួមមានខាងអ៊ីស្លាមនិយម ពួកឆ្វេងនិយម រួមទាំងក្រុមកុលសម្ព័ន្ធ និងក្រុមសហជីព។ បាតុករស្រែកថា «ទេចំពោះកិច្ចព្រមព្រៀងដ៏អាម៉ាស់» ដោយអ្នកតវ៉ាខ្លះមានកាន់បដាដែលសរសេរថា «ការធ្វើឱ្យមានភាពប្រក្រតី[ជាមួយអ៊ីស្រាអែល]ជាការក្បត់ជាតិ»។
បាតុករម្នាក់ឈ្មោះ Nasreen ប្រាប់អ្នកកាសែត Al Jazeera ថា៖ «យើងមានសិទ្ធិរស់នៅ។ ហើយប្រជាជនប៉ាឡេស្ទីនក៏មានសិទ្ធិរស់នៅ។ យើងដែលជាប្រជាជនហ្ស៊កដានីគាំទ្រប៉ាឡេស្ទីន ហើយយើងយកចិត្តទុកដាក់ចំពោះហ្ស៊កដានី នោះហើយជាមូលហេតុដែលយើងមកតវ៉ាថ្ងៃនេះ»។
យោងតាមអង្គការយូនីសេហ្វ ហ្ស៊កដានីគឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលខ្វះទឹកច្រើនជាងគេលើពិភពលោក ហើយកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើទឹកជាមួយអ៊ីស្រាអែលមានតាំងពីមុនពេលប្រទេសទាំងពីរបើកទំនាក់ទំនងផ្លូវការ។ ចំណែកឯអ៊ីស្រាអ៊ែលវិញ ក៏ជាប្រទេសក្តៅហើយស្ងួតដែរ ប៉ុន្តែបច្ចេកវិជ្ជាផលិតទឹកសាបកម្រិតខ្ពស់បានបើកឱកាសឱ្យប្រទេសនេះលក់ទឹកទៅឱ្យរដ្ឋដទៃទៀត។
អ្នកការទូតលោកខាងលិចនិយាយថា គំនិតផ្តួចផ្តើមថ្មីស្ថិតក្រោមការសិក្សាលើលទ្ធភាពផ្សេងៗ ប៉ុន្តែប្រសិនបើទទួលបានផ្លែផ្កាដោយការអនុវត្ត វានឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏ធំបំផុតមួយដែលធ្វើឡើងរវាងប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់។
អ្នកនាំពាក្យក្រសួងធនធានទឹកលោក Omar Salameh និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតរបស់គម្រោងនេះកើតចេញពីការកើនឡើងនៃតម្រូវការធនធានទឹកជាអចិន្ត្រៃយ៍របស់ហ្ស៊កដានី ដែលបណ្ដាលមកពីកំណើនប្រជាជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកស្រី Yana Abu Taleb នាយកអង្គការ EcoPeace របស់ហ្ស៊កដានីដែលជាអង្គការស្នើឱ្យមានកិច្ចព្រមព្រៀងដំបូងនិយាយថា៖ «ឥឡូវនេះ យើងពិតជាត្រូវផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។ អ្នកស្រីបន្តថា៖ «យើងត្រូវកសាងភាពអាស្រ័យគ្នាទៅវិញទៅមកដែលមានសុខភាពល្អឡើងវិញ។ យើងត្រូវមើលគម្រោងនៃកិច្ចសហប្រតិបត្តិការបែបនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង ដើម្បីឆ្លើយតបនឹងស្ថានភាពទឹកដ៏អាក្រក់ដែលយើងកំពុងស្ថិតនៅក្នុងប្រទេសមួយនាពេលនេះ»។
យ៉ាងណាមិញ លោក Ali Abu Sukkar ឥស្សរជនមកពីបក្សប្រឆាំងដ៏លេចធ្លោម្នាក់និយាយថា៖ «កិច្ចព្រមព្រៀងមានគោលបំណងភ្ជាប់ហ្ស៊កដានីជាមួយអង្គភាព Zionist ទាំងស្រុង។ វាមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ វាគឺជាកិច្ចព្រមព្រៀងធម្មតាដែលគួរឱ្យអាម៉ាស់»។
ចំណែកឯប្រធានសហភាពបរិស្ថាននៃហ្ស៊កដានីលោក Omar Sushan វិញ និយាយថា កិច្ចព្រមព្រៀងទឹក-ថាមពលគឺជាគម្រោងនយោបាយ។ លោកនិយាយថា៖ «អ្នកមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃគម្រោងនេះ ដោយលើកឡើងពីការប្រែប្រួលអាកាសធាតុបាននោះទេ។ នេះគឺជាគម្រោងធ្វើឲ្យមានភាពប្រក្រតី[ជាមួយអ៊ីស្រាអែល]ឡើងវិញ»។
លោក Sushan បន្តថា៖ «យើងត្រូវពង្រឹងបណ្តាញទឹកជាតិរបស់យើង បង្កើតការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងទឹក និងប្រើប្រាស់វិធីសាស្រ្តថ្មីនៃប្រព័ន្ធធារាសាស្រ្តនៅហ្ស៊កដានី។ នេះគឺជាជម្រើសយុទ្ធសាស្ត្ររបស់យើង។ យើងមិនអាចពឹងផ្អែកលើអ៊ីស្រាអែលបានទេ»។
អ្នកស្រី Rund Awwad វិស្វករជំនាញផ្នែកថាមពលកកើតឡើងវិញ និងគោលនយោបាយថាមពលនៅហ្ស៊កដានីហៅកិច្ចព្រមព្រៀងថាជាគម្រោងនយោបាយរួចនិយាយថា ទឹកចំនួន ២០០ លានម៉ែត្រគូបដែលហ្ស៊កដានីទទួលក្រោមកិច្ចព្រមព្រៀងនេះ គឺជាចំនួនតិចតួចបំផុតបើប្រៀបធៀបទៅនឹងធនធានទឹកនៅក្នុងប្រទេស។
អ្នកស្រីលើកឡើងថា មានវិធីសាស្រ្តជាច្រើនទៀតប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាពជាងនេះ ដើម្បីដោះស្រាយការខ្វះខាតទឹករបស់ហ្ស៊កដានី ជាឧទាហរណ៍ មូលនិធិអាកាសធាតុអាចត្រូវបានគេប្រើប្រាស់ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្តុកទឹករបស់ប្រទេស ឬសាងសង់គម្រោងចម្រាញ់ទឹកសមុទ្រក្រហមរបស់ហ្ស៊កដានីដែលក្រសួងធនធានទឹកធ្លាប់ប្រកាសជាដើម។
រាប់តាំងពីមានការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀង ប៉ូលិសហ្ស៊កដានីចាប់ឃុំខ្លួននិស្សិតសាកលវិទ្យាល័យហ្ស៊កដានីចំនួន ៣៦ នាក់ ដោយចោទប្រកាន់ពួកគេពីបទរំលោភលើសណ្តាប់ធ្នាប់សាធារណៈ។ តាមការចុះផ្សាយរបស់ Arab News មន្ត្រីហ្ស៊កដានីម្នាក់និយាយជាអនាមិកដោយច្រានចោលការចោទប្រកាន់ដែលថា អាជ្ញាធរកំពុងកំណត់គោលដៅលើអ្នកណាដែលសម្ដែងការប្រឆាំងនឹងកិច្ចព្រមព្រៀងថ្មី។
កាលពីថ្ងៃពុធ ពីរថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងធ្វើឡើងនៅក្រុងឌូបៃ សមាជិកសភាជាច្រើនអំពាវនាវឱ្យមានការជជែកដេញដោលជាសាធារណៈជាបន្ទាន់ដើម្បីពិភាក្សាអំពីការប្រកាសកិច្ចព្រមព្រៀង។
លោក Mohammad al-Najjar រដ្ឋមន្ត្រីក្រសួងធនធានទឹកហ្ស៊កដានីលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ការសិក្សាលើលទ្ធភាពផ្សេងៗសម្រាប់គម្រោងទឹក-ថាមពល នឹងចាប់ផ្តើមនៅឆ្នាំ ២០២២។ លោក Al-Najjar បន្ថែមថា ប្រសិនបើគម្រោងនេះត្រូវបានកំណត់ថាអាចធ្វើបាន វានឹងដាក់ចូលទៅក្នុងការចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅពេលប្រកាសដល់សភា ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់។

ប្រភព៖ Aljazeera