លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាមេ៉រិកត្រៀមខ្លួនរួចរាល់ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង
សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង ខណៈមានការព្រួយបារម្ភជាច្រើនថា ទីក្រុងព្យុងយ៉ាងទំនងជាធ្វើតេស្តបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ឡើងវិញ នេះបើតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ នៅថ្ងៃអង្គារនេះលោក ត្រាំ បានបញ្ជាក់ថា នឹងមានភាពភ្ញាក់ផ្អើលអ្វីកើតឡើង ហើយយើងដោះស្រាយវាប្រកបដោយជោគជ័យ… ។ លោកបន្ថែមថា កាដូបុណ្យណូអែលរបស់កូរ៉េខាងជើង អាចជាអំណោយដ៏ស្រស់ស្អាត ឬក៏លោក គីម អាចនឹងផ្ញើកន្ត្រកផ្កាដ៏ស្រស់ស្អាតមកឱ្យលោក ជំនួសការបាញ់សាកល្បងមីស៊ីលក៏បាន… ដូច្នេះយើងមានតែរង់ចាំមើលអ្វីដែលនឹងកើតឡើង ។

ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងបានព្រមាននៅដើមខែធ្នូនេះថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែលឱ្យអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ៕ធ.ដ
