សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូស រួមនឹងរថយន្តដឹកវ៉ាក់សាំងចំនួន ២គ្រឿងថែមទៀត ដល់មិត្តឡាវ

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថា កម្ពុជា នឹងផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំង ស៊ីណូវ៉ាក់៥០ម៉ឺនដូស រួមនឹងរថយន្តដឹកវ៉ាក់សាំងចំនួន ២គ្រឿងថែមទៀត ដល់មិត្តឡាវ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម វីផាវ៉ាន់ នូវជំនួយរបស់កម្ពុជា ដែលសម្ដេច ជួយឡាវ នូវទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លាន ដុល្លារ ជាថវិការបស់សប្បុរសជន ជូនរដ្ឋាភិបាល ឡាវ ហើយក៏មានការផ្ដល់ជំនួយដល់រដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ២គ្រឿងថែមទៀត ។

នៅក្នុងឱកាសនេះ ឯកឧត្តម វីផាវ៉ាន់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានដឹកនាំព្រះរាជាណា ចក្រកម្ពុជា មកកាន់ការអភិវឌ្ឍនាពេលនេះ។ ឯកឧត្តមមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺឃើញមានការរីកចំរើន ហើយកម្ពុជា ជាពិសេសរាជធានីភ្នំពេញ គឺមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំង ។

ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ក៏បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលជោគជ័យ លើគ្រប់វិស័យ ទាំងកិច្ចប្រជុំអាស៊ី-អឺរ៉ុបថ្មីៗនេះ នឹងទទួលធ្វើជាប្រធានអាស៊ាន នៅឆ្នាំខាងមុខ ។ ក្នុងន័យនេះ ឯកឧត្តម បាន សម្ដែងការគាំទ្រ នឹងសន្យាថា នឹងសហការជាមួយកម្ពុជា ដើម្បីធ្វើយ៉ាងណា ជួយកម្ពុជា ដឹកនាំអាស៊ាន ទទួលបានជោគជ័យ នាពេលខាងមុខនេះ ។

នៅក្នុងឱកាសនេះ ឯកឧត្តម វីផាវ៉ាន់ បានលើកឡើងអំពីអតីតកាលដែលកម្ពុជានិងឡាវ មានទំនាក់ទំនងជាបងប្អូន ជាមិត្តភាព ទាំងវប្បធម៍ ប្រពៃណី ជាយូរណាស់មកហើយ ហើយកម្ពុជានិងឡាវ ពិតជាមានការប្រែប្រួលមែន ប៉ុន្តែទឹកចិត្តរវាងប្រជាជន និងប្រជាជន គឺនៅដដែល ៕ ដោយ វណ្ណលុក

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner