នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ឯកភាពគ្នា ៨ចំណុច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ២០២១ ឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នានូវលើចំណុចចំនួន ៨ ដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយគ្នាថែមទៀត ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម វីផាវ៉ាន់ បានគោរពស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាពង្រីក-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា តាមរយៈទី១- បន្តការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក។ ទី២-បន្តពិភាក្សាគ្នា ចរចាគ្នា ធ្វើម៉េចឲ្យបានបញ្ចប់នូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រង់ជ្រោយ។ ទី៣-ជំរុញបន្តកិច្ចប្រជុំ តាមរយៈយន្តការដែលមានស្រាប់។ ទី៤-បន្តជំរុញឲ្យគណៈកម្មការចម្រុះព្រំដែន បន្តធ្វើការ ដើម្បីធ្វើយ៉ាងណា ឲ្យបានសម្រេច តាមទិសដៅដែលថ្នាក់ដឹកនាំបានសម្រេច។ ទី៥-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម លើកស្ទួយពាណិជ្ជកម្មរវាង ប្រទេសទាំង២។ ទី៦-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ក៏ដូចជាវិស័យដទៃទៀត ដែលជាសកត្តានុពលសម្រាប់ប្រទេសទាំងពីរ។ ទី៧-ជំរុញវិស័យឯកជន ជំរុញការវិនិយោគប្រទេសទាំងពីរ និងគាំទ្រ វិនិយោគិន រវាងប្រទេសទាំង២ និងទី៨-ជំរុញកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ និងអន្តរជាតិ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វីផាវ៉ាន់ ដែលបានគាំទ្រកម្ពុជា ជាប្រធាន អាស៊ាន នឹងចូលរួមកិច្ចប្រជុំ ASEM, ជួយគាំទ្រកម្ពុជា ជាប្រធាន ASEM កន្លងមក ដែលធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យ ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានឯកភាព និងគាំទ្រទាំងស្រុងលើចំណុចទាំង ៨ ដែលឯកឧត្តម វីផាវ៉ាន់ បានលើកឡើង។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យឯកឧត្តម វីផាវ៉ាន់ ពីចារណាឱ្យប្រជាជនទាំងពីរ អាចធ្វើដំណើរទៅវិញទៅមក ព្រោះថា វិស័យនេះ គឺជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។ ដោយឡែកទាក់ទងនឹងវិស័យ វិនិយោគ សម្ដេចតេជោ បានគាំទ្រលើវិស័យនេះ ធ្វើយ៉ាងណាជំរុញឲ្យការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគិនប្រទេស ទាំងពីរ ព្រោះថា ការវិនិយោគនេះ គឺជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទាំងខាងនយោបាយផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ផានខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនៅមរណៈទុក្ខចំពោះសម្ដេចក្រុមព្រះផងដែរ ហើយសម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសម្ដែងមរណៈទុក្ខនេះផងដែរ ៕ ដោយ វណ្ណលុក