វិធានការ សម្តេច តេជោ ដកហូតដីនៅតំបន់ ៣ ពីឈ្មួញកាប់ព្រៃលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាបយកធ្វើជាកម្មសិទ្ធ
កំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ មានកិច្ចប្រជុំមួយ ក្រោ មអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីវិធានការក្តៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីជំនាញ់ពាក់ព័ន្ធគ្រប់រូប ចូលរួម ទប់ស្កាត់ បង្ក្រាបបទល្មើសនៃការកាប់ព្រៃលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាបតំបន់ ៣ និងត្រូវដកហូតមកវិញឲ្យបាន នារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តកំពង់ធំ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននីតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ បានដល់ក្នុងដៃចៅក្រមស៊ើបសួរ ។
សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ករណី, ស្រុកបារាយ មានចំនួន ២ករណី, ស្រុកស្ទោងមាន ៦ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនេះនៅ ឆ្នាំ២០២១៩ មាន ១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍-ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ៕ ដោយ ប៊ុន រដ្ឋា