អង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សប្រមាណ២.៦លាននាក់នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំ២០២០ខាងមុខ
សហរដ្ឋអាម៉េរិក៖ ក្រុមការងារផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សប្រហែល២.៦លាននាក់នៅសាធារណៈអាហ្វ្រិកកណ្តាល (CAR) ឬច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសនេះ នឹងត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នំា២០២០ខាងមុខ នេះបើតាមអ្នកនំាពាក្យអង្គការសហប្រជាជាតិនៅថ្ងៃអង្គារម្សិលមិញ ។

កាលពីខែវិច្ឆិកាកន្លងមកនេះ មនុស្សប្រមាណ៧០ម៉ឺននាក់បានបង្ខំចិត្តផ្លាស់ប្តូរទីលំនៅនៅទូទំាងប្រទេស ហើយប្រហែល៥៩ម៉ឺន៥ពាន់នាក់ផ្សេងទៀតបានក្លាយជាជនភៀសខ្លួនទៅជ្រកកោណនៅតាមបណ្តាប្រទេសជិតខាង នេះបើតាមអ្នកនំាពាក្យប្រមុខដឹកនំាំអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វែន ឌូហ្សារីគ ។

លោក ស្ទេហ្វែន ឌូហ្សារីគ បានសង្កត់ធ្ងន់ថា ក្មេងប្រុសស្រីដែលជាសិស្សសាលាច្រើនជាង១លាននាក់នឹងត្រូវការជំនួយមនុស្សធម៌ជាចំាបាច់ សម្រាប់ការអប់រំរបស់ពួកគេនៅក្នុងឆ្នំា២០២០ ហើយកុមារច្រើនជាង១៧ម៉ឺន៨ពាន់នាក់ ក៏នឹងត្រូវការការព្យាបាលចំពោះកង្វះខាតអាហារូបត្ថម្ភផងដែរ ដោយលោកបានអះអាងថា ជំនួយមនុស្សធម៌ដើម្បីឆ្លើយតបនឹងផែនការជួយដល់សាធារណៈអាហ្វ្រិកកណ្តាល (CAR) នៅឆ្នំា២០២០ គឺមានទឹកប្រាក់រហូតដល់៤០១លានដុល្លារឯណោះ ៕ធ.ដ

