កម្ពុជាបិទការធ្វើដំណើរមកពីប្រទេស១០ក្នុងទ្វីបអាហ្វ្រិក (Video Inside)
កម្ពុជាបានចូលរួមជាមួយនឹងប្រទេសនានាលើសកលលោកក្នុងការហាមឃាត់អ្នកធ្វើដំណើរមកពី ប្រទេស១០ នៅទ្វីបអាហ្វ្រិកដែលមានការផ្ទុះឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី ដែលគេដាក់ឈ្មោះថាអូមីក្រុង។
មេរោគប្រភេទថ្មីអូមីក្រុងនេះត្រូវបានរកឃើញដំបូងនៅដើមខែវិច្ឆិកានេះ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយ ត្រូវបានរាយការណ៍ជូនទៅឲ្យអង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធសប្ដាហ៍មុន ។ ចក្រភពអង់គ្លេស, សហ ភាពអឺរ៉ុប, កាណាដា, អូស្ត្រាលី, សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនក្នុងអាស៊ី បានចាត់វិធានការណ៍ ជាបន្តបន្ទាប់ក្នុងការទប់ស្កាត់រារាំងអ្នកធ្វើដំណើរមកពីប្រទេសក្នុងទ្វីបអាហ្វ្រិកដែលមានការផ្ទុះឆ្លងលើកដំបូង នោះ។ នៅថ្ងៃអង្គារទី៣០វិច្ឆិកានេះ, កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបង្កាការទប់ស្កាត់ការឆ្លងវីរុសអូមី ក្រុង ចូលមកក្នុងប្រទេសផងដែរ។
យោងតាមក្រសួងសុខាភិបាល, «ព្រះរាជាណាចក្រកម្ពុជា សម្រេចហាមឃាត់ អ្នកដំណើរឬអ្នកធ្វើដំណើរដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេស ទាំង១០ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលប្រទេសកម្ពុជា»។ ប្រទេសទាំង១០នោះរួមមានប្រទេសបុតស្វាណា, អេស្វាទីនី, ឡេសូថូ, ម៉ូហ្សំប៊ីក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង, ហ្សីមបាវ៉េ, ម៉ាឡាវី, អង់ហ្គោឡា និងប្រទេសហ្សំប៊ី។ យោងតាមក្រសួងសុខាភិបាលការបិទធ្វើដំណើរពីប្រទេសទាំង១០នេះ នឹងធ្វើមួយរយៈពេលសិនរហូតដល់មាន ការជូនដំណឹងសាជាថ្មី៕