OECD និយាយថា អតិផរណាគឺជាហានិភ័យចម្បងចំពោះទស្សនវិស័យសេដ្ឋកិច្ច
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)និយាយកាលពីថ្ងៃពុធថា ហានិភ័យចម្បងចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោកគឺថា ការកើនឡើងអតិផរណានាពេលបច្ចុប្បន្នបង្ហាញឱ្យឃើញពីរយៈពេលវែង និងកើនឡើងលើសពីការរំពឹងទុក។
OECD និយាយនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានកំណត់ថានឹងឈានដល់ ៥,៦ ភាគរយនៅឆ្នាំនេះ មុនពេលចុះមកត្រឹមកម្រិតមធ្យម ៤,៥ ភាគរយក្នុងឆ្នាំ ២០២២ និង ៣,២ ភាគរយក្នុងឆ្នាំ ២០២៣។
តួរលេខថ្មីមានការផ្លាស់ប្តូរតិចតួចពីការព្យាករណ៍លើកមុន ពី ៥,៧ ភាគរយសម្រាប់ឆ្នាំ ២០២១ ខណៈដែលការព្យាករណ៍សម្រាប់ឆ្នាំ ២០២២ មិនមានការផ្លាស់ប្តូរនោះទេ។
ស្របនឹងការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុននានាកំពុងស៊ូដើម្បីបំពេញតម្រូវការអតិថិជនក្រោយជំងឺរាតត្បាត ដែលបណ្តាលឱ្យអតិផរណាកើនឡើងទូទាំងពិភពលោក ខណៈដែលបញ្ហារាំងស្ទះកើតមានឡើងនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។
ដូចអ្នកបង្កើតគោលនយោបាយភាគច្រើនដែរ អង្គការ OECD និយាយថា ការកើនឡើងនេះត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរ និងថយចុះនៅពេលដែលតម្រូវការ និងផលិតកម្មវិលមករកភាពប្រក្រតីវិញ។
OECD និយាយថា៖ «ទោះជាយ៉ាងណាក៏ដោយ ហានិភ័យចម្បងគឺថា អតិផរណាបន្តធ្វើឱ្យភ្ញាក់ផ្អើលឡើងដោយបង្ខំឱ្យធនាគារកណ្តាលសំខាន់ៗរឹតបន្តឹងគោលនយោបាយរូបិយវត្ថុមុន និងក្នុងកម្រិតធំជាងការព្យាករណ៍»។ អង្គការដដែលបន្តថា៖ «យ៉ាងណាមិញ អតិផរណានៅក្នុង OECD ទាំងមូលទំនងជាជិតដល់ចំណុចកំពូលជិត ៥ភាគរយ ហើយនឹងទាញមកវិញបន្តិចម្តងៗដល់ប្រហែល ៣ ភាគរយនៅឆ្នាំ ២០២៣។ រឿងដ៏ល្អបំផុតដែលធនាគារកណ្តាលអាចធ្វើបានសម្រាប់ពេលនេះ គឺរង់ចាំភាពតានតឹងនៃការផ្គត់ផ្គង់ធូរស្បើយ ហើយផ្តល់សញ្ញាថាពួកគេនឹងធ្វើសកម្មភាពប្រសិនបើចាំបាច់។
ប្រធានធនាគារកណ្តាលលោក Jerome Powell និយាយកាលពីថ្ងៃអង្គារថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកគួរតែពិចារណាកាត់បន្ថយការទិញមូលបត្របំណុលក្នុងទ្រង់ទ្រាយធំរបស់ខ្លួនឱ្យបានលឿនជាងមុន ចំពេលមានសេដ្ឋកិច្ចរឹងមាំ និងការរំពឹងទុកថាការកើនឡើងនៃអតិផរណានឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។

ប្រភព៖ Reuters