កងទ័ពជើងគោកអាមេរិកសម្លឹងពង្រីកវត្តមាន និងមូលដ្ឋានយោធានៅអាស៊ីអាគ្នេយ៍
កងទ័ពជើងគោកអាមេរិកកំពុងតែពិចារណាក្នុងការពង្រីកវត្តមាន និងមូលដ្ឋានកងទ័ពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាយុទ្ធសាស្ត្រមួយក្នុងការរៀបចំជើងព្រួលឆ្លើយតបនឹងចិន។ នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការកងទ័ពជើងគោក អ្នកស្រី Christine Wormuth កាលពីថ្ងៃពុធកន្លងទៅ។
រដ្ឋលេខាធិការកងទ័ពជើងគោក ជាតំណែងមន្ត្រីស៊ីវិលជាន់ខ្ពស់មួយ ដែលស្ថិតក្រោមចំណុះរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក។
អ្នកស្រី Worumuth បានថ្លែងក្នុងកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ថា៖ «កងទ័ពជើងគោកអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកវត្តមាន និងមូលដ្ឋានកងទ័ពនៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះថា ប្រសិនបើយើងអាចធ្វើបាន នោះយើងនឹងមានជំហរបត់បែនបានល្អជាងនេះ»។
ការបង្កើនវត្តមានយោធាអាមេរិកនៅតំបន់នេះ ជាផលប្រយោជន៍សម្រាប់អាមេរិក និងសម្ព័ន្ធមិត្ត។ នេះបើតាមការបន្ថែមរបស់អ្នកស្រី។ យ៉ាងណាមិញ អ្នកស្រី មិនបានបញ្ជាក់ថា ទីតាំងណាដែលត្រូវពង្រីកនោះទេ ខណៈអ្នកស្រីផ្ដល់តម្លៃខ្ពស់ចំពោះការឈរទីតាំងរបស់អាមេរិក នៅហ្វីលីពីន។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការរូបនេះបានគូសបញ្ជាក់ថា ការធ្វើបែបនេះគឺ ដើម្បីបង្ការកុំឱ្យមានសង្គ្រាមនៅអាស៊ី ហើយយុទ្ធសាស្ត្រដ៏ល្អបំផុតគឺធានាថា មេដឹកនាំចិន លោក ស៊ី ជីនភីង នឹងមិនបង្រួបបង្រួមតៃវ៉ាន់ «ដោយកម្លាំងទ័ព»៕

ប្រភព៖ Reuters