សហភាពអឺរ៉ុបបញ្ជាក់ចំនួនទឹកប្រាក់ចំនួន ៣០០ ពាន់លានអឺរ៉ូចំពោះគម្រោងខ្សែក្រវាត់ និងផ្លូវចិន
កាលពីថ្ងៃពុធសប្ដាហ៌នេះ គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ ៣០០ ពាន់លានអឺរ៉ូ (ប្រមាណ ៣៤០ ពាន់លានដុល្លារ) ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។
គម្រោង ច្រកទ្វារសកល (Global Gateway) គឺធ្វើឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់អឺរ៉ុប ជំរុញពាណិជ្ជកម្មសហភាពអឺរ៉ុប ជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយផ្ដោតលើផ្នែកឌីជីថល សុខភាព អាកាសធាតុ ថាមពល និងវិស័យដឹកជញ្ជូន ព្រមទាំងវិស័យអប់រំ និងស្រាវជ្រាវ។
ប្រទេសចិនបានចាប់ផ្ដើមគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ខ្លួនកាលពីឆ្នាំ ២០១៣ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោក ហើយកំពុងចំណាយយ៉ាងច្រើនលើកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសរាប់សិបជុំវិញពិភពលោក។
សហភាពអឺរ៉ុបចាត់ទុកការផ្ដល់ហិរញ្ញប្បទានរបស់ប្រទេសចិនថាមិនមានអំណោយផល មិនមានតម្លាភាព និងធ្វើឱ្យប្រទេសក្រីក្រ ជាពិសេសនៅទ្វីបអាហ្វ្រិក កាន់តែពឹងផ្អែកលើប្រទេសចិនតាមរយៈការជំពាក់បំណុល។
សហភាពអឺរ៉ុបនិយាយថាពួកគេនឹងធានាថាសហគមន៍មូលដ្ឋានទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធហើយនឹងនាំយកមកជាមួយផងដែរនូវវិស័យឯកជន ដែលការចូលរួមរបស់សហភាពអឺរ៉ុបមានន័យថាការវិនិយោគមិនសូវមានហានិភ័យ។ ថវិការរបស់សហភាពអឺរ៉ុបក្នុងទម្រង់ជាជំនួយ កម្ចី និងការធានា នឹងមកពីស្ថាប័ននានារបស់សហភាពអឺរ៉ុប រដ្ឋាភិបាលសមាជិក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍របស់សមាជិក។ គណៈកម្មការបាននិយាយថា ប្រាក់ទាំងនឹងត្រូវបានផ្តល់ជូន «ក្រោមលក្ខខណ្ឌត្រឹមត្រូវ និងអំណោយផល» ដើម្បីកុំឱ្យរដ្ឋាភិបាលប្រទេសទីបីមានបញ្ហាបំណុល៕

ប្រភព៖ Reuters