ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរចូលរួមប្រកួត AFF SUZUKI CUP 2020 ក្នុងសឹង្ហបុរី (Video Inside)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឆ្ពោះទៅកាន់ ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020។ ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 នឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
វគ្គចែកពូលក្នុងព្រឹត្តិការណ៍ប្រកួតនេះ មាន១០ក្រុម និងបែងចែកជាពីរពូលAនិងB។ ក្នុងពូលA រួមមានប្រទេស សិង្ហបុរីជាម្ចាស់ផ្ទះ, ប្រទេសថៃ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងក្រុមទីម័រខាងកើត ខណៈពូល B មាន ក្រុមកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ឡាវ, និងក្រុមវៀតណាម ដែលជាក្រុមការពារម្ចាស់តំណែងជើងឯកឆ្នាំ២០១៨។ សម្រាប់៤ប្រកួតរបស់កម្ពុជា គឺត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី មុនគេ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១, និងបន្តប៉ះជាមួយក្រុមឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែធ្នូ, ក្រោយមកនឹងប៉ះជាមួយក្រុមឡាវ នាថ្ងៃទី១៥ ខែធ្នូ និង ១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូលB គឺប៉ះជាមួយក្រុមវៀតណាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបញ្ជាក់ថា នៅក្នុងការហ្វឹកហាត់នៅក្នុងស្រុក គឺកីឡាករ ទាំងអស់បានព្យាយាមធ្វើបានល្អ ហើយគេនឹងបន្តហ្វឹកហាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹកជាតិជប៉ុនលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបន្ថែមទៀត នៅពេលហ្វឹកហាត់ពេលនៅ ក្នុង ប្រទេសសិង្ហបុរី៕