ខេត្តចំនួន៣នៃកម្ពុជា-ថៃ” ខេត្តបាត់ដំបង ប៉ៃលិន និងខេត្តច័ន្ទបុរី ” បានជួបប្រជុំពិភាក្សា ដោយផ្តោតគ្រោងបើកច្រកទ្វារព្រំដែនដើម្បីទទួលយកពលករខ្មែរតាមរដូវកាល ក្នុងជំហានសាកល្បង ឲ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់

           ក្នុងកិច្ចប្រជុំរវាងភាគីប្រទេសទាំង២កម្ពុជា-ថៃ នៅរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តទាំង៣របស់កម្ពុជា-ថៃរួមមានភាគីខេត្តច័ន្ទបុរី(ថៃ) និងខេត្តបាត់ដំបង ខេត្តប៉ៃលិន(កម្ពុជា)បានជួបប្រជុំពិភាក្សាគ្នាដើម្បីគ្រោងនិងបើកច្រកទ្វារព្រំដែនដែលឈមជាមួយខេត្តទាំង៣ខាងលើ ដើម្បីទទួលពលករខ្មែរឲ្យចូលទៅធ្វើការងារតាមរដូវកាលស្របច្បាប់នៅក្នុងខេត្តខ្លួនខាងលើ។ដោយគ្រោងស្នើសុំគោលការណ៍ពីថ្នាក់លើនៃប្រទេសទាំង២សម្រេចជាមុនសិនមុននិងឈានដល់ការបើកច្រកទ្វារព្រំដែនក្នុងជំហានសាកល្បងជាថ្មីនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២១នេះដើម្បីអនុញ្ញាតិឲ្យបងប្អូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-19 បាន២ដូសរួចហើយនិងបានបំពេញបែបបទពីអាជ្ញាធរនៃខេត្តរបស់ខ្លួនជាមុន ដើម្បីបានចូលទៅតាមច្រកទ្វារព្រំដែនខេត្តដែលឈមជាមួយនិងខេត្តច័ន្ទបុរីតាមច្រកទ្វារព្រំដែនអន្តរជាតិបានឡែម-ដូង នៃស្រុកកំរៀង របស់ខេត្តបាត់ដំបង។

       តាមរយៈនៃកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាងខត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃ ព្រះរាជាណាចក្រថៃនេះ ខាងប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ អភិបាលខេត្ត បាន ស្រីមុំ ដើម្បីចូលរួមប្រជុំពិភាក្សាការងារក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពររវាងខេត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម ស៊ូទិ ថងយ៉ែម អភិបាលខេត្តច័ន្ទបុរី។

       តាមការថ្លែងឲ្យដឹងពីឯកឧត្តមអភិបាលខេត្តច័ន្ទបុរី នៅក្នុងកិច្ចប្រជុំនេះ បានគូសបញ្ជាក់ឲ្យដឹងថា៖ រដ្ឋាភិបាលរបស់ខ្លួនបានអនុញ្ញាតរួចហើយដើម្បីកំណត់ឲ្យបើកច្រកទ្វារព្រំដែនដើម្បីទទួលពលករខ្មែរតាមរដូវកាល ចំនួន២ម៉ឺននាក់ដើម្បីចូលទៅធ្វើការក្នុងខេត្តច័ន្ទបុរី រយៈពេល៣-៤ខែ ហើយការបើកច្រកនេះគឺកំណត់គ្រោងបើកចាប់ពីម៉ោង ៦ព្រឹក ដល់ ម៉ោង ៥ល្ងាច។

      តាមការគូសបញ្ជាក់ពីខាងភាគី ខេត្តច័ន្ទបុរី(ថៃ)អ្វីដែលជាតម្រូវការចាំបាច់ របស់ថៃ គឺកម្លាំងពលករខ្មែរ គឺជាពលករ ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-19 ចំនួន២ដូស រួចហើយ។ ឯកឧត្តម ស៊ូទិ ថងយ៉ែម អភិបាលខេត្តច័ន្ទបុរី(ថៃ) បានថ្លែងថា៖ រាជរដ្ឋាភិបាលថៃបានអនុញ្ញាតិឲ្យ “ពលករវ៉ាក់សាំង”មកពី៣ប្រទេសរួមមាន៖ ពលករកម្ពុជា ឡាវ និងភូមា អនុញ្ញាតឲ្យចូលទៅបំពេញការងារនៅក្នុងប្រទេសខ្លួនបានតាមរយៈនៃការចុះMOUជាមួយគ្នាកន្លងមក។ ហើយពលករទាំងនោះ ត្រូវបំពេញបែបបទឆ្លងដែននិងត្រូវត្រួតពិនិត្យសុខភាព “តេស្តRapid” ជាមុនសិន ដោយមិនឲ្យលើស៧២ម៉ោង មុនចូលទៅប្រទេសថៃ។ក្រោយចូលទៅក្នុងប្រទេសថៃ ខាងអាជ្ញាធរថៃ ត្រូវធ្វើតេស្តរហ័ស ដាក់ឲ្យធ្វើចត្តាឡីស័ក១សប្តាហ៍ និងតេស្តPCRជាមុនទើបអនុញ្ញាតឲ្យបំពេញបែបបទការងារជាមួយក្រសួងការងារថៃ មុននិងក្រុមហ៊ុនទទួលយកពលករទាំងនោះទៅធ្វើការ។ហើយពលករដែលបានចូលទៅក្នុងប្រទេសថៃ គឺតម្រូវឲ្យពលករទាំងនោះស្នាក់នៅក្នុងខេត្តច័ន្ទបុរីតែម្តង។ខេត្តច័ន្ទបុរីត្រូវការកម្លាំងពលករកម្ពុជា ចំនួន២ម៉ឺននាក់ដែលជាតម្រូវការចាំបាច់នូវកម្លាំងពលកម្មក្នុងខេត្តរបស់ខ្លួនតាមរដូវកាល ក្នុងការប្រមូលផលិតផលកសិកម្មដំណាំឈើហូបផ្លែ ក្នុងខេត្តខ្លួន។

     កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាការងារក្នុងការសម្របសម្រួលពីនីតិវិធីជូនដល់ពលករវ៉ាក់សាំងដែលត្រូវចូលទៅធ្វើការនៅក្នុង ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។ដោយឡែកចំពោះការអនុញ្ញាតឲ្យពលករចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-19បានពេញលេញ(២ដូស)និងតម្រូវឲ្យធ្វើតេស្តរកកូវីដ-19 និង ធ្វើចាត្តាឡីស័ក ជាមុនសិន។ ហើយពលករទាំងនោះ ត្រូវបានម្ចាស់អាជីវកម្ម ឬ ក្រុមហ៊ុន និងសហគ្រាស របស់ ភាគីថៃដែលទំនាក់ទំនងផ្ទាល់និងទទួលខុសត្រូវលើពលករ ដោយស្របច្បាប់ ជាមួយនិងការបំពេញបែបបទដល់ពលករខ្មែរទាំងនោះជាមួយក្រសួងការងារនៃប្រទេសទាំង២ផងដែរ។

     តាមការគូសបញ្ជាក់ ពីលោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរនិងទេសចរណ៍ ព្រំប្រទល់ជាយដែនថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី ប្រទេសថៃ បានថ្លែងថា៖ ការបើកច្រកព្រំដែនរវាងខេត្តច័ន្ទបុរីច្រកទ្វារអន្តរជាតិបានឡែមប្រឈមនិងច្រកអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងជំហានសាកល្បង គឺដើម្បីឈានជាគម្រូក្នុងការបើកច្រកទ្វារព្រំដែនរវាងថៃ-កម្ពុជា និងជាមួយប្រទេសឡាវ និង ប្រទេសភូមា នៅថ្ងៃនាគតផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner