លោកជំទាវ ហេង ហ៊ាប ម៉ែនសារុន ព្រមទាំងបុត្រធីតា ចៅប្រុស ចៅស្រី បានប្រារព្វពិធីបុណ្យគម្រប់ខួប៨ឆ្នាំ នៃការទទួលមរណណភាព របស់ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន អតីតសមាជិកព្រឹទ្ធសភា និងជាអតីតប្រធានក្រុមហ៊ុនម៉ែន សារុន
ភ្នំពេញ៖ នៅថ្ងៃនេះ លោកជំទាវ អ្នកឧកញ៉ា ហេង ហ៊ាប ម៉ែនសារុន និងបុត្រធីតា ចៅប្រុស ចៅស្រី សូមឧទ្ទិសកុលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន បានទៅកាន់សុគតិភព ។
ឯកឧត្តមអ្នកឧកញ៉ា ម៉ែន សារុន អតីតសមាជិកព្រឹទ្ធសភា និងជាស្ថាបនិកក្រុមហ៊ុនម៉ែនសារុន អ្នកវិយោគទុនជាជនជាតិខ្មែរដំបូងគេនៅកម្ពុជា បានទទួលមរណភាពអស់រយៈពេល៨ឆ្នាំ បើកគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ។
បើតាមកម្មវិធីបុណ្យ ពិធីបុណ្យគម្រប់ខួប៨ឆ្នាំ នៃការទទួលមរណណភាព របស់ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន គឺនិមន្តព្រះសង្ឃចំនួន១៦០អង្គ ធ្វើបទនមសក្កា ព្រះរតនត្រ័យ សមាទានសីល សម្រើនព្រះបរិត្ត បង្សុកូល ទៅតាមប្រពៃណីនៃព្រះពុទ្ឋសាសនា ។
សូមរំលឹកថា៖ ឯកឧត្តមអ្នកឧកញ៉ា ម៉ែន សារុន កាលពីនៅមានព្រះជន្ម ឯកឧត្តម អ្នកឧកញ៉ា មិនត្រឹមតែបានចូលរួមបង្កើតនូវផែនការវិនិយោគ លើកទឹកចិត្តឲ្យកូនខ្មែរមានឆន្ទៈ ធ្វើជាម្ចាស់វិនិយោគដោយខ្លួនឯង និងមិនត្រូវពឹងផ្អែកលើទុនបរទេសប៉ុណ្ណោះទេ តែឯកឧត្តម និងលោកជំទាវ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា៖
• ការជួយទ្រទ្រង់ និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា
• ផ្តល់បទពិសោធន៍ និងជំរុញឲ្យកូនខ្មែរ ត្រូវរៀនធ្វើជាម្ចាស់លើខ្លួនឯង ដោយមិនត្រូវរង់ចាំទុនវិនិយោគ ឬអ្នកវិយោគពីបរទេសនោះឡើយ ។
• ជំរុញការបង្កើនភាពប្រកួតប្រជែង ក្នុងមុខរបរប្រកបដោយភាពស្មោះត្រង់
• ផ្តល់ឱកាសដល់អ្នកវិនិយោគទុនវ័យក្មេង តាមរយៈការចែករំលែកបទពិសោធន៍
• ចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាល ដោយចុះជួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដែលអាចធ្វើបានដើម្បីបំរើប្រជាជន ដូចជាផ្លូវលំ ផ្លូវបេតុង វត្តអារាម ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល និងសកម្មភាពមនុស្សធម៌កាកក្របាតក្រហមកម្ពុជា ។ល។
ពលរដ្ឋនៅខេត្តព្រៃវែង និយាយជារួម និងដោយឡែកសំរាប់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្រុកកំចាយមារ និងស្រុកកញ្ជៀច ខេត្តព្រៃវែង តែងតែបានស្គាល់ឯកឧត្តមអ្នកឧកញ៉ា ម៉ែន សារុន យ៉ាងច្បាស់ តាមរយៈការចុះសង្គ្រោះផ្ទាល់នៅពេលបងប្អូនជួបប្រទះគ្រោះធម្មជាតិ ដូចជានៅឆ្នាំ១៩៩៦ និងក្នុងនាមក្រុមហ៊ុនម៉ែន សារុន បានទទួលជួយឧបត្ថម្ភអង្ករទាំងស្រុង ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងដោយទឹកជំនន់ និងជាបន្តបន្ទាប់ រួមនឹងការកសាងនូវសមិ្ធផលជាច្រើនទៀតទុកប្រើប្រាស់មកដល់បច្ចុប្បន្ន ហើយសមិទ្ធិផលទាំងនេះបានកំពុងបានបន្សល់ទុកឲ្យប្រជាលរដ្ឋប្រើប្រាស់ ទាំងពុទ្ធចក្រ និងអាណាចក្រ ។ ទោះជាយ៉ាងណា សមិទ្ធិផលទាំងអស់ដែលកើតចេញពីការចូលរួម កសាងរបស់ឯកឧត្តមអ្នកឧកញ៉ា ម៉ែនសារុន នៅគ្រប់ទីកន្លែង ត្រូវបានបន្តថែទាំទុកជាមរតក ពីលោកជំទាវអ្នកឧកញ៉ា ហេង ហ៊ាប ជាភរិយា រួមជាមួយបុត្រា បុត្រី រួមមានឯកឧត្តម ជួន កុល និងលោកជំទាវ ម៉ី ទិដ្ឋា ឯកឧត្តម ឡាយ ស៊ា និងលោកជំទាវ ម៉ី សីលា .លោកឧកញ៉ា ម៉ី តារារិទ្ធ និងលោកជំទាវ បាននឹងកំពុងបន្តចុះតាមមូលដ្ឋានជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីថែទាំសមិទ្ធិផលនានា ដែលជាស្នាដៃរបស់អ្នកឧកញ៉ា ម៉ែន សារុន សំរាប់គុណប្រយោជន៍ប្រើប្រាស់យូរអង្វែង ។
ប្រជាពលរដ្ឋនៅខេត្តព្រៃវែង បានសំដែវនូវការគុណចំពោះសកម្មភាពដ៏ឧត្តុងឧត្តមរបស់អ្នកឧកញ៉ា ម៉ែន សារុន និងលោកជំទាវ ហេង ហ៊ាប ដែលផ្តល់នូវសមិទ្ធិផលដែលជាគុណប្រយោជន៍របស់អ្នកជនបទ និងបានបួងសួងឲ្យវិញ្ញាណក្ខ័ន្ធរបស់អ្នកឧកញ៉ា បានទៅកាន់សេចក្តីស្ងប់ ។
សូមបញ្ជាក់ថា ៖ ឯកអ្នកឧកញ៉ា មែន សារុន បានទទួលមរណណភាពកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដោយជម្ងឺបេះដូង ។
នៅក្នុងឱកាសនៃពិធីបុណ្យគម្រប់ខួប៨ឆ្នាំ នៃការទទួលមរណភាព របស់ឯកឧត្តម អ្នកឧកញ៉ា ម៉ែន សារុន លោកជំទាវ អ្នកឧកញ៉ា ហេង ហ៊ាប ម៉ែនសារុន ជាភរិយា និងបុត្រធីតា ចៅប្រុស ចៅស្រី បានប្រគេនទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់ ដល់វត្តមុន្នីប្រសិទ្ធវង្ស វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណគិរី វត្តចេត្ថាឧត្តមគ្រួស វត្តសុវណ្ណគិរីវត្តនរតនារាម វត្តអង្គសិរីសួស្តីសំរោងខាងត្បូង វត្តប្រាសាទ វត្តឧណ្ណាឡោម និងវត្តបុទុម ដោយក្នុង១វត្តៗទទួលបានបច្ច័យកសាងវត្តចំនួន៧លានរៀល មីយើង១០០កេស អង្ករ៥០កញ្ចប់ ស្មើ៥០០គីឡូ ឃីត១កញ្ចប់ ទឹកសុទ្ឋ២៥កេស ទឹកក្រូច១០កេស ជាមួយគ្នានោះក៏មានសទ្ធាជ្រះថ្លាឧបត្ថម្ភដល់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋចូលរួមទាំងអស់ ប្រមាណជាង៥០០នាក់ ដោយក្នុងម្នាក់ទទួលបានអង្ក២បាវតូច មីយើង២កេស និងថវិកា៦ម៉ឺនរៀល ៕
















