គណៈចលនាមហាជន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងដាក់ទិសដៅការងារអនុវត្តបន្ត របស់គណៈចលនាមហាជន
គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុង គោលបំណងចែករំលែកព័ត៌មានបទពិសោធន៍ការងារ និងសមទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំ គណៈចលនាមហាជន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងឱកាសនៃពិធីបេីកនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានថ្លែងអំពីតួនាទីរបស់គណៈចលនាមហាជន ក្នុងការវាយតម្លៃសតិអារម្មណ៏ មហាជន ក្តាប់យកនូវតម្រូវការ ក៏ដូចជាសំណូមពរចាំបាច់របស់ពួកគាត់ ដើម្បីផ្តល់មតិយោបល់ជូនគណបក្ស។ ក្នុងឱកាសនោះដែរ លោកជំទាំវក៏បានថ្លែងពីសមិទ្ធផលនានាដែលគណៈមហាជនសម្រេចបានក្នុងឆ្នាំកន្លងទៅ។
អង្គសន្និបាតបានចាប់ផ្តើមដំណើរការទៅក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។
បន្ទាប់ពីពិធីបើកបានចាប់ផ្តើមដំណើរការរួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក៏បានបន្តដឹកនាំអង្គពិធី ដើម្បីពិភាក្សាបន្ត។
សូមជម្រាបជូនផងដែរថា ពិធីបិទនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

















