ក្បាលដីពលរដ្ឋ១០៩គ្រួសារ នៅបុរីពិភពថ្មី ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់ ពីតំណាងអភិបាលរាជធានីភ្នំពេញ
(ភ្នំពេញ)៖ បង-ប្អូនប្រជាពលរដ្ឋ មានក្បាលដីប្រមាណជា ១០៩គ្រួសារ រស់នៅបុរីពិភពថ្មី (ច្រាំងចំរេះទី២) ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ពួកគាត់ទទួលបានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិស្របច្បាប់) ពីលោក ជា ពិសី អភិបាលខណ្ឌ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីលោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខណ្ឌ ដឹកនាំមន្ត្រីក្រោមឱវាទ ចំណាយពេលវេលាចុះសម្រង់ប្រមូលទិន្នន័យ រហូតឈានដល់ការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យមានលក្ខណៈជាប្រព័ន្ធកន្លងទៅ។
ជាកិច្ចស្វាគមន៍ក្នុងពិធីនេះ លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខណ្ឌ និងក្នុងនាមគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីខណ្ឌ បានលើកឡើងថា ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្រោយពីក្រុមការងារវាលចុះសម្រង់ទិន្នន័យ ម្ចាស់អចលនវត្ថុ ប្រភេទទ្រព្យ ទីតាំងអចលនវត្ថុ វាស់វែងកំណត់ព្រំដី និងកសាងប្លង់សុរិយោដី ជាលទ្ធផលសម្រេចបាននាពេលនេះ គឺក្នុងទិសដៅអនុលោមឲ្យមានប្រសិទ្ធភាពតាមខ្លឹមសារអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ និងសារាចរណែនាំលេខ ០០១ ដនស /ដសចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។
បន្ថែមពីនេះ លោក ជា ពិសី អភិបាលខណ្ឌ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងលើកឡើងផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍន៍បោះជំហ៊ានទៅមុខជានិច្ច លើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យដីធ្លី ដោយទន្ទឹមនិងវិវត្តនេះយើងសង្កេតឃើញកើតមានឡើងនូវបញ្ហាប្រឈមដូចជា ករណីវិវាទដីធ្លី សម្ដៅលើដីគ្មានទិន្នន័យក្បាលដីច្បាស់លាស់ ពុំទាន់បានចុះបញ្ជី ពិបាកគ្រប់គ្រង តម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នា ដោះស្រាយជាចាំបាច់ ដើម្បីឈានទៅចុះបញ្ជីដីធ្លី ឲ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២១ ជាកម្មវិធីដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការយកចិត្តទុកដាក់ដឹកនាំ ពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕ ដោយ ហាស់ កំសាន្ដ








