លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកចង់ឃើញភ្លាមៗ ជុំវិញការបើកសវនាការរឿងដកតំណែងប្រធានាធិបតី
សហរដ្ឋអាមេរិក៖ លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកចង់ឱ្យព្រឹទ្ធសភាប្រញាប់បើកសវនាការ លើសំណុំរឿងដកតំណែងប្រធានាធិបតី បន្ទាប់ពីរូបលោកបានរងការចោទប្រកាន់ចំនួនពីរ ទី១ គឺពីបទរំលោភអំណាច និងទី២ ពីបទបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភាពីសំណាក់សមា ជិកតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ។

ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះក៏បានស្នើបក្សសាធារណរដ្ឋគ្រប់គ្រងសវនាការនេះឲ្យបានល្អ ក្នុងនាមជាបក្សសំឡេងភាគច្រើន ហើយឆាប់ផ្ដល់ភាពស្អាតស្អំដល់រូបលោកផងដែរ លោកថា ពួកគេនឹងចាញ់ក្ដី បើមិនមានវត្តមានក្នុងសវនាការទេនោះ ។ គួរបញ្ជាក់ថា បើតាមការគ្រោងទុកនោះ សវនាការកាត់ក្ដីលោក ត្រាំ រំពឹងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២០ខាងមុខនេះ ។

យ៉ាងណាមិញ បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យមិនទាន់រកឃើញចំណុចរួម ដើម្បីដំណើការសវនាការនៅឡើយទេ ។ ចំណុចខ្ទាស់ធំជាងគេ គឺបក្សប្រជាធិបតេយ្យចង់ឲ្យសាក្សីសំខាន់ៗមួយចំនួនចូលរួមផ្ដល់សក្ខីកម្ម ប៉ុន្តែបក្សសាធារណរដ្ឋបដិសេធ ៕ធ.ដ
