ជនសង្ស័យម្នាក់លួចរថយន្ត និងម៉ូតូក្រុមហ៊ុនទៅលក់បានលុយជាង៣ម៉ឺនដុល្លារទៅល្បែងចាញ់អស់ ត្រូវថៅកែឃាត់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ បុរសម្នាក់បានក្បត់ថៅកែក្រុមហ៊ុន លួចយករថយន្តនឹងម៉ូតូទៅលក់យកលុយលេងល្បែង អស់ ជាង៣មុឺនដូល្លារ រហូតធ្វើឲ្យថៅកែទ្រាំមិនបានខឹងនឹងទង្វើនេះក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចហាងលក់រថយន្ត៣៦៨អូតូ ផ្ទះលេខ៧៥៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ជួប ប៊ុនរិទ្ធ ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ឆ្នាំមុខរបរ អ្នកគ្រប់គ្រងហាងលក់រថយន្ត៣៦៨អូតូ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។ចំណែកម្ចាស់ក្រុមហ៊ុនលក់ឡានឈ្មោះ ម៉ា វៃម៉ាន់ ភេទ ប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ជួប ប៊ុនរិទ្ធ ហៅ ម៉ាប់ បានយករថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AF 3841 យកទៅលក់នៅម្តុំស្តុបទេពផន បានប្រាក់ចំនួន១៦២០០ដុល្លារ និង យកម៉ូតូរបស់ជនរងគ្រោះដែលទុកឲ្យជិះធ្វើការ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M 9809 មកបញ្ចាំនៅម្តុំឃ្លាំងរំសេង បានប្រាក់ចំនួន៦០០ដុល្លារ យកលេងល្បែងស៊ីងអស់ ។

លុះមកដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានយករថយន្តរបស់ជនរងគ្រោះចំនួន០១គ្រឿងទៀតម៉ាកលុចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 3215 យកទៅលក់នៅម្តុំស្តុបទេពផន បានប្រាក់ចំនួន១៦២០០ដុល្លារ បានប្រាក់យកលេងល្បែងចាញ់អស់ទៀត ។ លុះដល់ថ្ងៃទី១៩ ខែធ្នូ ២០១៩ ទើបជនរងគ្រោះបានដឹងរឿងហេតុ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជួប រិទ្ធ ប្រគល់ឲ្យសមត្ចកិច្ចចាត់តាមច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ធ.ដ