សហព័ន្ធកីឡាសីដក់កម្ពុជា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិ ដើម្បីបង្កើនធនធានអោយកាន់តែសម្យូរបែប
សហព័ន្ធកីឡាសីដក់កម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម កីឡាសីដក់ថ្នាក់ជាតិរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការសហព័ន្ធកីឡាស៊ីដក់កម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប៣១នាក់ មកពីបណ្តាក្លឹប សមាគម រាជធានីភ្នំពេញ និងខេត្តកណ្តាល ។ កញ្ញាអគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយគ្រូឧទ្ទេសកម្ពុជាចំនួន៣រូប រួមមាន៖ លោក ទុយ ប៊ុនហឿន លោក ឯម ហៀង និងឯកឧត្តមបណ្ឌិត មាស សារិន ជាគ្រូឧទ្ទេសកម្រិតអន្តរជាតិ ។




វគ្គសិក្សានេះ សិក្សាលើទ្រឹស្តី និងការអនុវត្តផ្ទាល់អំពីតួនាទី ជាអាជ្ញាកណ្តាលចៅក្រម ក្នុងការកាត់សេចក្តីការប្រកួតផ្សេងៗ ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា វគ្គបណ្តុះបណ្តាល ដែលសហព័ន្ធរៀបចំនេះ មានគោលដៅបញ្ជ្រាបចំណេះដឹង និងបង្កើនធនធានអាជ្ញាកណ្តាលចៅក្រមលើប្រភេទកីឡាសីដក់ ឲ្យកាន់តែច្រើន និងសម្បូរបែប ដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាសីដក់ថ្នាក់ជាតិ មានសិក្ខាកាមចូលរួមចំនួន៣១នាក់ មកពីបណ្តាក្លឹប សមាគម រាជធានីភ្នំពេញ និងខេត្តកណ្តាល សរុប ១៤ក្លិប ៕