រយៈពេល ៣០ថ្ងៃកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បង្រ្កាបបទល្មើសគ្រឿងញៀន ៧១ករណី
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងរយៈពេល៣០ថ្ងៃបានចេញប្រតិបត្តិការនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដោយចេញបង្រ្កាបបានបទល្មើសគ្រឿងញៀន៧១ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១២៤នាក់និងដកហូតវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាម។លទ្ធផលប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា ៖លទ្ធផលបង្រ្កាបបទល្មើសគ្រឿងញៀនទាំងនេះគឺកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញបានសហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានប្រសើរឡើង។នៅទន្ទឹមដែលគេមើលឃើញថាបទល្មើសគ្រឿងញៀនជាបញ្ហាប្រឈមបំផុតបង្កអសន្តិសុខសង្គម ដែលជាប្រភពបញ្ហាបង្កឱ្យកើតមានដូចជាបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងបទល្មើសផ្សេងទៀតផងដែរ។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងទៀតថា៖កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀ រាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន តែងតែចេញប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ជាប្រចាំ អនុវត្តនៅគ្រប់គោលដៅដែលមានបញ្ហាស្មុគស្មាញដោយគ្រឿងញៀន និងគោលដៅដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឱ្យដឹងទៀតថា៖ការងារបង្ការទប់ស្កាត់គ្រឿងញៀននេះផងដែរ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក៏បានដាក់ចេញនូវវិធានការ០៤ចំណុច ដើម្បីចូលរួមអនុវត្តនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពដោយវិធានការទាំង០៤ចំណុចនោះរួមមាន៖
១,វិធានការអប់រំ គឺជាការងារផ្សព្វផ្សាយយល់ដឹងអំពីខ្លឹមសារផលប៉ះពាល់និងបង្កគ្រោះថ្នាក់ពីបញ្ហាគ្រឿងញៀនជូនដល់សិស្ស, និស្សិត ,កម្មករ ក៏ដូចជាមុខសញ្ញាងាយរងគ្រោះផ្សេងទៀតត្រូវឱ្យពួកគាត់ចៀសឱ្យផុតពីគ្រឿងញៀន។
ទី២,វិធានការរដ្ឋបាលគឺកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើរដ្ឋបាលនៅគោលដៅដែលងាយរងគ្រោះមកធ្វើការណែនាំ អប់រំនិងឱ្យធ្វើកិច្ចសន្យា ក្នុងការចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀនដែលអាចកើតឡើងដូចជាៈនៅតាមបន្ទប់ជួល,ផ្ទះសំណាក់និង ទីតាំងកម្សាន្តផ្សេងៗ។
ទី៣,វិធានការច្បាប់គឺអនុវត្តបង្រ្កាបជាក់ស្តែងនិងការស្រាវជ្រាវរកមុខសញ្ញាដែលធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ដើម្បីចាប់ឃាត់ខ្លួនជនប្រព្រឹត្តយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
ទី៤,វិធានការព្យាបាលនិងស្តានីតិសម្បទាអនុវត្តចំពោះជនរងគ្រោះពីគ្រឿងញៀន ដោយបញ្ជូនអ្នកញៀនគ្រឿងញៀនទៅព្យាបាលនៅតាមបណ្តាមជ្ឈមណ្ឌលព្យាបាលនិងស្តានីតិសម្បទានានានិងការបញ្ជូនអព្យាបាលអប់រំនៅក្នុងសហគមន៍ជាដើមនោះផងដែរ៕ ដោយ / គ្រី សម្បត្តិ