ហោរាសាស្រ្តប្រចាំថ្ងៃ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅក្នុងថ្ងៃនេះអ្នកនឹងទទួលអារម្មណ៍ថារវល់ ឬតានតឹងច្រើនតាំងពីពេលព្រឹក ក៏ព្រោះតែទំងន់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះយកល្អ អ្នកគួរសុំជំនួយ ឬចែករំលែកការងារខ្លះទៅកាន់មិត្តភក្តិរួមការងាររបស់អ្នក។ ក្រៅពីនេះ សូមគិតគូរពីការចែករំលែកចំណេះដឹង ការចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីលោកអ្នកមានលទ្ធភាពឆ្លើយតបនឹងតម្រូវការការងារបាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់ ហើយស្ថានភាពវិជ្ជមាននឹងកើតឡើងចំពោះការងាររបស់អ្នកយ៉ាងប្រាកដណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារបាន ព្រោះអ្វីៗស្ថិតក្នុងគន្លងផ្លូវដ៏ត្រឹមត្រូវ និងរីកចម្រើន។ ក្នុងនោះរាល់ទំនាក់ទំនងតូចធំនានាមានភាពចាំបាច់បំផុត ហើយចំពោះអាជីវករទំនជាអាចទទួលបានផលចំណេញច្រើនទ្វេរដងក្នុងពេលនេះ។ ប៉ុន្តែវាចាំបាច់ណាស់ ដែលអ្នកគួរតែគ្រប់គ្រងពាក្យសំដី និងអាកប្បកិរិយាចំពោះមនុស្សនៅក្បែរខ្លួន។ លើសពីនេះ គួរចងចាំថាភាពច្បាស់លាស់ត្រឹមត្រូវដើរតួនាទីសំខាន់លើភាពរីកចម្រើននេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមានណាស់។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនទុកចិត្ត និងជួយជ្រោមជ្រែងការងាររបស់អ្នកល្អប្រសើរណាស់ ហេតុនេះសូមព្យាយាមឲ្យបានរួសរាន់។ ដោយឡែក លោកអ្នកក៏អាចជួបភាពអវិជ្ជមានខ្លះៗផងដែរ ពិសេសទាក់ទងនឹងការគណនា ដូច្នេះសូមពិនិត្យឲ្យបានម៉ត់ចត់ក្រែងការខ្វះខាតទិន្នន័យបង្ករផលរំខានដល់ការងារ។ ក្រៅពីនេះ លោកអ្នកអាចបំពេញក្តីស្រមៃរបស់អ្នកបាន ដោយគ្រាន់តែយកចិត្តទុកដាក់លើករណីនោះបន្តិចជាការស្រេច។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ ថ្ងៃនេះផ្តល់អំណោយផលពិសេសដល់ការប្រជុំពិភាក្សា ដូច្នេះសូមប្រើពេលវេលាល្អក្នុងថ្ងៃនេះកែលម្អការងាររបស់អ្នកឲ្យកាន់តែប្រសើរ។ លោកអ្នកអាចផ្លាស់ប្តូរស្ថានភាពការងារក៏ដូចជារក្សាអ្វីៗឲ្យនៅដដែលបាន។ ជម្រើសមួយណាក៏នឹងហុចផលល្អប្រសើរចំពោះអាជីពរបស់អ្នកបានដែរ។ ក្រៅពីនេះ សូមព្យាយាមបញ្ចប់ការងារទាំងអស់ពីលើតុរបស់អ្នក ពីព្រោះលោកអ្នកអាចខ្វះខាតពេលវេលានៅរវាងពេលល្ងាច។ ក្រៅពីនេះ សូមកុំមានក្តីបារម្ភលើហេតុការណ៍ណាមួយឡើយ ពីព្រោះអ្វីៗអាចដោះស្រាយបាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់មានការយាយីពីស្ថានភាពដែលនៅក្បែរអ្នកតែម្តង។ ប្រហែលជាអ្នកមិនគួរមានការជឿជាក់ជ្រុលពេកនោះទេ រាល់ការងារនានាគួរបំពេញដោយខ្លួនឯង ឬពិនិត្យឲ្យបានម៉ត់ចត់មុនចុះហត្ថលេខា។ អ្នកក៏អាចនឹងទទួលអារម្មណ៍ខូចចិត្ត ឬការចាញ់បោកបញ្ឆោតគេ។ ដោយឡែក លោកអ្នកមិនចាំបាច់បារម្ភដោយបង្ខំខ្លួនឯងខ្លាំងពេកទេ គួរធ្វើការដោយសន្សឹមៗ ហើយចំណាយពេលវេលាគិតគូរបន្ថែម។ អ្នកក៏អាចស្នើសុំជំនួយពីមនុស្សនៅជុំវិញខ្លួន ដាច់ខាតមិនគួរធ្វើការប្រថុយប្រថាននោះទេ។ ក្រៅពីនេះ ហាមដាច់ខាតចំពោះការចុះហត្ថលេខាដោយគ្មានពត៌មានគ្រប់គ្រាន់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ចំពោះការងាររបស់អ្នកផងដែរ។ លើសនេះ អ្នកអាចរំពឹងថាទទួលបានដំណឹងដែលអ្នកបានរងចាំជាយូរណាស់មកហើយ។ ក្នុងពេលវេលាស្របគ្នា សូមប្រុងប្រយ័ត្នក្រែងបាត់បង់ពត៌មានសំខាន់ៗ។ ចំពោះទំនាក់ទំនងរវាងមនុស្សក្នុងក្រុមអាចមានភាពរង្គោះរង្គើខ្លះ ដូច្នេះសូមពិនិត្យកែលម្អអាកប្បកិរិយាខ្លួនឡើងវិញ។ កុំនិយាយស្តីពាក្យសំដីទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ ឬការងាររបស់អ្នកដទៃ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះកិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានផ្លែផ្កាគួរជាទីមោទនក្រៃលែង។ អ្នកអាចទទួលបានអំណោយផល និងលាភសំណាងជាលុយកាក និងសម្ភារៈ។ ក្នុងនោះការឡើងឋានក៏នឹងអាចលមានសញ្ញាណវិជ្ជមានផងដែរ។ លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភចំពោះស្ថានភាពណាមួយឡើយ ពីព្រោះអ្វីៗមានដំណើរការល្អប្រសើរណាស់។ ទន្ទឹមនឹងនោះសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៅជុំវិញខ្លួន មិនគួរឆ្លើយតបអ្វីធំដុំពេកនោះទេ ប្រសិនបើអ្នកកមិនមានគម្រោងផែនការច្បាស់លាស់។ ក្រៅពីនេះ លោកអ្នកអាចរៀបចំពិធីមង្គលនានាបាន ដោយមិនប្រកាន់ពេលនោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលប្រែប្រួលដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការគ្រប់គ្រង និងសម្រេចទៅតាមក្តីប្រាថ្នាណាស់។ មនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនចូលរួមគាំទ្រនឹងការសម្រេចចិត្ត ឬគំនិតយោបល់របស់អ្នកឡើយ ហេតុដូច្នេះមិនគួរពឹងពាក់អាស្រ័យលើគេច្រើនពេកនោះទេ។ លោកអ្នកក៏គួរប្រុងប្រយ័ត្នចំពោះការចាកចេញពិស្ថានភាពបច្ចុប្បន្នពីព្រោះភាពខាតបង់ផ្នែកហិរញ្ញវត្ថុអាចនឹងជះឥទ្ធិពលដល់ភារកិច្ចការងារវែងឆ្ងាយ។ យកល្អសូមលោកអ្នករស់នៅ និងប្រកបការងារជាធម្មតាសិន ហើយរងចាំឪកាសល្អនៅថ្ងៃខាងមុខ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីនានានឹងទទួលបានទិន្នផលល្អប្រសើរ។ ក្នុងនោះប្រសិនបើអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុកន្លងមក ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ និងកែតម្រូវមកជាល្អប្រសើរវិញបាន។ ចំពោះការបង្កើតមុនរបរថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយមិនប្រទះនឹងបញ្ហាអ្វីឡើយ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភចំពោះដំណើរការនេះទេ។ ក្នុងពេលស្របគ្នា ចំពោះលោកអ្នកដែលប្រកបការងារដ្ឋឯកជន គឺអាចនឹងទទួលបានដំណឹងប្រែប្រួលខ្លះក្នុងការងារ ប៉ុន្តែសូមកុំបារម្ភ ភាពប្រែប្រួលនោះនឹងផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នកជាជាងបង្ករនូវបញ្ហា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារតាមបំណងប្រាថា្ន ពីព្រោះគ្មានហេតុផលណាមួយអាចនឹងមករឹងស្ទះភាពរីកចម្រើនការងាររបស់អ្នកទេ។ មនុស្សទាំងឡាយដែលនៅក្បែរអ្នកសុទ្ធតែអាចជឿជាក់ ពឹងពាក់អាស្រ័យបាន ដូច្នេះសូមលោកអ្នកចែករំលែការងារខ្លះទៅពួកគេ។ ទន្ទឹមនឹងនេះ លោកអ្នកគួរតបស្នងភាពសប្បុរសទាំងនោះដោយភាពស្មោះត្រង់ផងដែរ។ ដោយឡែក សូមលោកអ្នកចូលរួមរាល់សកម្មភាពសំខាន់របស់ការងារ ដើម្បីធ្វើឲ្យលោកអ្នកមានលទ្ធភាពយល់ដឹងកាន់តែប្រសើរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះលទ្ធភាពសម្រេចផលជាទីគាប់ចិត្តហាក់មិនទាន់អាចកើតឡើងនោះទេ។ លោកអ្នកគួរពិនិត្យតាមដាន ការងារដែលបានដាក់ចេញ ក្រែងមានភាពរឹងស្ទះ។ ក្នុងនោះ អ្នកក៏ប្រហែលរងភាពប៉ះទង្គិចផ្លូវអារម្មណ៍ច្រើនពីមជ្ឈដ្ឋានជុំវិញ ដូច្នេះសូមកុំគិតគូរច្រើន ឬលើកយកបញ្ហានោះមកជារឿងផ្ទាល់ខ្លួនជ្រុលពេក។ ប្រសិនបើអ្នកមិនគ្រប់គ្រងចិត្ត ហើយមានការសង្ស័យចំពោះសមត្ថភាពរបស់ខ្លួន គឺអ្នកមិនអាចធ្វើការសម្រេចចិត្តដោយត្រឹមត្រូវនោះទេ។ លើសពីនេះ យកល្អរក្សាគំលាតពីក្រុមមនុស្សច្រើន ហើយរស់នៅដោយស្ងប់ស្ងៀមទើបអាចបញ្ចៀសបញ្ហាបានច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងទទួលបានការកត់សម្គាល់យ៉ាងវិជ្ជមានបំផុត។ អ្នកអាចជឿជាក់ស្ថានភាពនៅជុំវិញខ្លួនបានក្នុងពេលនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការសម្រេចចិត្តដោយភាពសុទិដ្ឋិនិយម ហើយការសម្រេចចិត្តទៀតសោតនឹងហុចផលល្អប្រសើរណាស់។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ គួរប្រើឪកាសពេលនេះអភិវឌ្ឍន៍ការងារ។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាកចេញផ្លូវឆ្ងាយនោះទេ ប្រសិនជាអាចគួរផ្អាកការធ្វើដំណើរផ្លូវឆ្ងាយសិន។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការបង្ហាញគោលគំនិតខ្លួនដោយសេរី។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ មមី រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានសេរីភាពពេញលេញបញ្ចេញនូវគោលគំនិតរបស់ខ្លួន។ លើសពីនេះ អ្នកមានលទ្ធភាពទាញផលប្រយោជន៍យ៉ាងវិជ្ជមានពីការងារ។