ជនពិការនៅក្នុងខេត្តព្រះវិហារ ទទួលបានការពិនិត្យ ព្យាបាល និងតដៃជើងសិប្បនិម្មិត ដោយឥតគិតថ្លៃ ពីសមាគមន៍ប្រឹក្សាសុខភាពប្រជាជន និងក្រុមវេជ្ជសាស្រ្ត មកពី សកលវិទ្យាល័យ Marcer សហរដ្ឋអាម៉េរិក !
ខេត្តព្រះវិហារ៖ សមាគមន៍ប្រឹក្សាសុខភាពប្រជាជន បានសហការជាមួយ ក្រុមវេជ្ជ សាស្រ្ត មកពីសកលវិទ្យាល័យ « Marcer » សហរដ្ឋអាម៉េរិក បានចុះមកពិនិត្យ ព្យាបាល និងបានជួយតដៃជើង សិប្បនិម្មិត ជូនដល់ជនពិការដៃជើងជិត១០០នាក់ ដោយឥតគិតថ្លៃ នៅទូទាំងខេត្តព្រះវិហារ ក្រោមការគិតគូ និងយកចិត្តទុកដាក់ពីសំណាក់ លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងអ្នកតំណាងរាស្រ្ត មណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា ។

ការពិនិត្យ ព្យាបាល និងការតដៃ និជើងសិប្បនិម្មិត ជូនដល់ជនពិការដៃជើង នៅក្នុងខេត្តព្រះវិហារនាគ្រានេះ បានធ្វើឡើងរយះពេល៣ថ្ងៃ រវាងពីថ្ងៃទី១៧ធ្នូ ដល់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការរដ្ឋសភា មណ្ឌលខេត្តព្រះវិហារ ដែលមានការចូលរួមពី ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ អភិបាលរងខេត្ត លោក គោស៊ុ ប៊ុនសឿត ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ យុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជនពិការដៃ និងជើង ប្រមាណជាង១០០នាក់។

លោកវេជ្ជបណ្ឌិត ជិន សំណាង បានបង្ហាញថា ជនពិការដែល ទទួលបានការពិន្យ ព្យាបាល និងតដៃជើងសិប្បនិម្មិត ពីក្រុមក្រុមវេជ្ជសាស្រ្ត មកពីសកលវិទ្យាល័យ « Marcer » សហរដ្ឋអាមេរិក សហការណ៍ជាមួយ សមាគមន៍ប្រឹក្សាសុខភាពប្រជាជន នៅក្នុងរយះ ពេល៣ថ្ងៃនេះ គឺមានចំនួន ៧៩នាក់ ក្នុងនោះជនពិការដៃ ចំនួន ៧នាក់ លើសការគ្រោងទុក ចំនួន ១៨នាក់។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក គោស៊ុ ប៊ុនសឿត បានមាន ប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត និងក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ ពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចតែងគិតគូ និងលើកកម្ពស់សិទ្ធិជនពិការ នៅទូទាំងប្រទេស និងបានផ្តល់ឧិកាសដល់ ពួកគាត់ ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ តាមរយះការដាក់ចេញ នូវគោលនយោបាយ លើកកម្ពស់ ជនពិការ ការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនផងទៀត ។

លោកបន្តថា ជនពិការជានិវត្តជន ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជាក់ស្តែងក្នុងពេលនេះ យើងទទួលបានការពិនិត្យ និងព្យាបាល ការតដៃ ជើងសិប្បនិម្មិត ដោយមិនគិតថ្លៃ ពីសំណាក់ក្រុមវិជ្ជសាស្រ្តសកលវិទ្យាល័យ « Marcer » សហរដ្ឋអាមេរិក ក្រោមការដឹកនាំផ្ទាល់ពី លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និង លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ។

អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា កាលពីអតីតកាល ទទួលរងនូវភ្នក់ភ្លើងសង្គ្រាមរ៉ាំរៃជាច្រើនទសវត្សន៍ ជាពិសេស នៅក្រោយថ្ងៃរដ្ឋប្រហាររបប លន់ ណុល បានធ្វើឲ្យរងនូវវិនាសកម្ម ដ៏មហារធំធេង ហើយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានចាប់បដិសន្ធិឡើង ធ្វើឲ្យប្រជាជនកម្ពុជា ទទួលរងទុក្ខវេទនា ដោយសារសង្គ្រាម ហើយបានបន្សល់ នូវស្រ្តីមេម៉ាយ កុមារកំព្រា និងភាគច្រើនបានក្លាយជាជនពិការដៃ និងជើង ក៏ដូចជាអវៈយវៈ រាងកាយជាច្រើន នៅទូទាំងប្រទេស។

លោកមានប្រសាសន៍ទៀតថា កម្ពុជា ទទួលបាន នូវសុខសន្តិភាព ពេញ លេញ ក្រោមគោលនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាទទួលបានទាំង សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនេះទៀត ការ យកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ជនពិការនៅទូទាំងប្រទេស ត្រូវលើកកម្ពស់ និងផ្តល់ឧិកាសខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយះការដាក់ចេញ នូវគោលនយោបាយ លើកកម្ពស់ជនពិការ ការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុង ស្ថាប័នរដ្ឋ និងឯកជនថែមទៀត។

លោកថា ជនពិការជានិវត្តជន ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដូចជានៅក្នុងពេលនេះ យើងទទួលបានការពិនិត្យ និង ព្យាបាល ការតដៃជើងសិប្បនិម្មតដោយមិនគិតថ្លៃ ពីសំណាក់ក្រុមវិជ្ជសាស្រ្តសកលវិទ្យាល័យ « Marcer » សហរដ្ឋអាមេរិក ក្រោមការដឹកនាំពី លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងរូបខ្ញុំបាទផ្ទាល់ ដែលទាំងនេះ បង្ហាញឲ្យឃើញ កាន់តែច្បាស់ ពីការរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងធានាបាននូវសុខមាលភាពប្រជជាពលរដ្ឋ ជាពិសេស ជនពិការ ក្នុងខេត្តព្រះវិហារ។

លោក សួស យ៉ារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងចនពិការ នៅក្នុងខេត្តព្រះវិហារ ឲ្យចូលរួមថែរក្សាតម្លៃ នៃសុខសន្តិភាព ដែលយើងរកបានមកដោយ កម្រ និងត្រូវចេះគោរព ស្រឡាញ់គ្នា ចេះអត់អោនឲ្យគ្នាទៅវិញទៅមក ហើយរួមរស់ក្នុងម្លប់ នៃសុខសន្តិភាពតរៀងទៅ។ លោកបានថ្លែងអំណរគុណ ដល់សមាគមន៍ប្រឹក្សាសុខភាព ប្រជាជន និងក្រុមវេជ្ជសាស្រ្ត មកពីសកលវិទ្យាល័យ« Marcer »សហរដ្ឋអាមេរិក ដែលបានជួយពិនិត្យ ព្យាបាល និងតដៃជើងសិប្បនិម្មិត ដល់ប្រជាជនដែលជាជនពិការ នៅក្នុងខេត្តព្រះវិហារ។

លោកថ្លែង សង្ឃឹមទុកថា នាឧិកាសក្រោយៗទៀត ក្រុមគ្រូពេទ្យ នឹងបន្តជួយតដៃជើងដល់ជនពិការ នៅក្នុងខេត្តព្រះវិហារ ក៏ដូចជា ជនពិការនៅទូទាំងប្រទេស កម្ពុជា ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីនោះ លោក សួស យ៉ារ៉ា បាននាំយកថវិកា និងភេសជ្ជៈ ចែកជូនដល់ជនពិការ សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ ផងទៀត៕ធ.ដ
ដោយ៖ឡុង សំបូរ
