រដ្ឋសភាសហរដ្ឋអាម៉េរិកបោះឆ្នោតដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ក្រោមបទចោទចំនួន០២ករណី
សហរដ្ឋអាម៉េរិក៖ ទីបំផុត រដ្ឋសភាអាម៉េរិកដែលកាន់កាប់ដោយបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានបោះឆ្នោតដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ក្រោមបទចោទចំនួនពីរ គឺការបំពានអំណាច និងការធ្វើឲ្យរាំងស្ទះដំណើការស៊ើបអង្កេតរបស់រដ្ឋសភា ។

សម្រាប់ករណីបំពានអំណាច សមាជិកសភាចំនួន២៣០បានបោះឆ្នោតគាំទ្រ ខណៈសមាជិកចំនួន១៩៧នាក់ទៀតបោះឆ្នោតប្រឆាំង ។ សមាជិកសភាគាំទ្រភាគច្រើនបំផុត គឺមកពីបក្សប្រជាធិបតេយយ្យដែលកាន់កាប់សំឡេងភាគច្រើនក្នុងសភា ។ប៉ុន្តែសមាជិកសភាបក្សប្រជាធិបតេយ្យពីរនាក់ បោះឆ្នោតប្រឆាំងដូចគ្នានឹងសមាជិកសភាបក្សសាធារណរដ្ឋទាំងអស់ ។

ចំណែកឯមាត្រានៃការដកតំណែងលើករណីបង្អាក់ដំណើការស៊ើបអង្កេតរបស់សភាវិញ សមាជិកសភាចំនួន២២៩បានគាំទ្រ និង១៩៨នាក់ទៀតបោះឆ្នោតប្រឆាំង ។ ការអនុម័តលើមាត្រាស្ដីពីការចោទប្រកាន់ទាំងពីរនេះ ត្រូវការសំឡេងភាគច្រើន៥០បូកមួយប៉ុណ្ណោះ ។ សរុបទាំងពីករណីនេះ លោក ត្រាំ ត្រូវបានរដ្ឋសភាអាម៉េរិកដកតំណែងហើយ ប៉ុន្តែមិនមានន័យថា លោក ត្រាំ អស់តំណែងឡើយ ។

ជានីតិវិធី សំណុំរឿងដកតំណែងនេះ ត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាកាត់ក្ដីមួយដំណាក់កាលទៀត ។ នៅព្រឹទ្ធសភាដែលបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននោះ រំពឹងបើកសវនាការក្នុងខែមករាខាងមុខ។ ក្នុងករណីព្រឹទ្ធសភាសម្រេចចិត្តដកតំណែងដែរ ទើបលោក ត្រាំ អស់តំណែង ហើយអនុប្រធានាធិបតីលោក ម៉ៃ ភែន នឹងឡើងអង្គុយកៅអីប្រធានាធិបតីជំនួស៕ធ.ដ
