រុស្ស៊ីថា ខ្លួនអាចនឹងត្រូវបង្ខំឱ្យពង្រាយមីស៊ីលនុយក្លេអ៊ែរមានរយៈចម្ងាយមធ្យមនៅទ្វីបអឺរ៉ុប
កាលថ្ងៃចន្ទនេះ ប្រទេសរុស្សីលើកឡើងថាខ្លួនអាចត្រូវបង្ខំដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅអឺរ៉ុប ជាការឆ្លើយទៅនឹងអ្វីដែលពួកគេនិយាយថាជាផែនការរបស់អង្គការណាតូដើម្បីធ្វើដូចគ្នានេះ។
ការព្រមានរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោកសឺរហ្គេ រីយ៉ាបកូវបានបង្កើនហានិភ័យនៃការបង្កើនដាក់ពង្រាយអាវុធទាំងសងខាងសាជាថ្មីនៅអឺរ៉ុប ខណៈភាពតានតឹងលិច-កើតបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់កាលពី៣០ឆ្នាំមុន។
លោករីយ៉ាបកូវ និយាយថារុស្សីនឹងត្រូវបង្ខំឱ្យធ្វើសកម្មភាពបែបនេះ ប្រសិនបើលោកខាងលិចបដិសេធមិនចូលរួមក្នុងកិច្ចព្រមព្រៀងហាមឃាត់ការដាក់ពង្រាយកងកម្លាំងនុយក្លេអ៊ែរនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅអឺរ៉ុប ដែលជាផ្នែកមួយនៃកញ្ចប់ការទាមទារសន្តិសុខរបស់រុស្សី ជាថ្នូរនឹងការកាត់បន្ថយភាពតានតឹងក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែន។ លោកបន្តទៀតថាកង្វះវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយនយោបាយ និងការទូត នឹងនាំឱ្យរុស្សីឆ្លើយតបតាមមធ្យោបាយយោធា ជាមួយនឹងបច្ចេកវិទ្យាយោធា។
មីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលអាចហោះរវាងចម្ងាយ ៥០០ ទៅ ៥៥០០ គីឡូម៉ែត្រ ត្រូវបានហាមឃាត់មិនឱ្យដាក់ដំនើរការនៅទ្វីបអឺរ៉ុប ដោយកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ ១៩៨៧ រវាងមេដឹកនាំសហភាពសូវៀតលោកមីខាល ហ្គ័របាឆូវ និងប្រធានាធិបតីអាមេរិកលោករ៉ូណាល់ រីហ្គេនកន្លងទៅ។
ប៉ុន្តែកាលពីឆ្នាំ ២០១៩ ក្រោមការដឹកនាំដោយលោកដូណាល់ ត្រាំ សហរដ្ឋអាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្រោមការចោទប្រកាន់រុស្សីបានរំលោភកិច្ចព្រមព្រៀងនេះ ដោយដាក់ពង្រាយមីស៊ីលនៅខាងលិចជួរភ្នំអ៊ុយរ៉ាល់ ដែលជាខ្សែបន្ទាត់ព្រំដែនរវាងដែនដីរុស្សីនៅទ្វីបអាស៊ី និងទ្វីអឺរ៉ុប។ រុស្សីបានច្រានចោលការចោទប្រកាន់នេះ។
ប្រសិនការចោទប្រកាន់របស់អាមេរិកគឺពិត នោះការលើកឡើងរបស់លោករីយ៉ាបកូវគឺជាការព្រមានទទេ ប៉ុន្តែប្រសិនបើរុស្សីពិតជាមិនទាន់បានរំលោភកិច្ចព្រមព្រៀងមែន នោះសំដីរបស់លោករីយ៉ាបកូវគឺជាការព្រមានដ៏ធ្ងន់ធ្ងរ៕

ប្រភព៖ Reuters