កូរ៉េខាងត្បូង និងជប៉ុន ឯកភាពបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ជប៉ុន៖ រដ្ឋាភិបាលទីក្រុងតូក្យូ និង ទីក្រុងសេអ៊ូលបានឈានដល់មូលដ្ឋានរួមគ្នាមួយ សម្រាប់កិច្ចពិភាក្សាស្តីពីការរឹតបន្តឹងរបស់ជប៉ុន លើការនាំចេញសម្ភារៈបច្ចេកវិជ្ជានៅក្នុងសប្តាហ៍នេះ ហើយភាគីទាំងពីរក៏នឹងបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មផងដែរ នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក ហ៊ីរូស៊ិ កាជីយ៉ាម៉ា ។

រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនរូបនេះបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនិងជប៉ុនបានជួបពិភាក្សាគ្នាជាលើកដំបូងនៅក្នុងថ្ងៃចន្ទនេះ ចាប់តាំងពីជប៉ុនបានរឹតបន្តឹងលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗ ដែលក្រុមហ៊ុនបច្ចេកវិជ្ជារបស់កូរ៉េខាងត្បូងត្រូវការជាចាំបាច់ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទ និងទូរទស្សន៍កាលពីខែកក្កដាមកនេះ ក្នុងពេលដែលមានជម្លោះពាក់ព័ន្ធនឹងករណីពលកម្មដោយបង្ខំនៅសម័យសង្គ្រាម ។

កិច្ចពិភាក្សានោះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធា ជាមួយជប៉ុនជាបណ្តោះអាសន្នកាលពីខែមុន ខណៈដំបូងឡើយកូរ៉េខាងត្បូងបានប្រកាសថា នឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ៕ធ.ដ