រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះចុះជំរុញឲ្យពលរដ្ឋ ៤ គ្រួសារ រស់នៅលើសំណង់ទ្រុឌទ្រោមចំនួន ១៣ល្វែង ត្រូវរុះរើអីវ៉ាន់ចេញឲ្យអស់រយៈពេល២ថ្ងៃ មុននឹងអាជ្ញាធរចាត់ វិធានការរដ្ឋបាល
កំពង់ឆ្នាំង ៖ ឯកឧត្តម សាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យមើលការរុះរើឥវ៉ាន់ចេញឲ្យអស់ពីសំណង់ផ្ទះ១៣ ល្វែង ដែលទ្រុឌទ្រោមខូចគុណភាព នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលតាមការកំណត់កាលពីថ្ងៃទី០៣ ខែធ្នូ បានឲ្យពលរដ្ឋជាម្ចាស់ផ្ទះទាំង ១២គ្រួសាររុះរើឥវ៉ាន់ចេញឲ្យអស់ មុនថ្ងៃទី១៤ ខែធ្នូនេះ ។
ប៉ុន្តែនៅល្ងាចថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ដោយពិនិត្យឃើញ ពលរដ្ឋចំនួន ៤គ្រួសារ ដែលមានការយឺតយ៉ាវជាងគេក្នុងការរុះឥវ៉ាន់ចេញពីផ្ទះនោះ ឯកឧត្តម សាន់ យូ បានសម្រេចទុកពេលឱ្យ ២ថ្ងៃទៀត ដើម្បីឱ្យពួកគាត់ទាំង ៤គ្រួសាររុះរើឥអីវ៉ាន់ចេញឱ្យអស់ពីសំណង់ផ្ទះ ១៣ល្វែងខាងលើនេះ ព្រោះតែខ្លាចសំណង់នេះដែលមានអាយុកាល ៩០ឆ្នាំហើយនោះរលំបាក់ខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ប៉ុន្តែបើហួសកាលកំណត់២ថ្ងៃបន្ទាប់នេះ អាជ្ញាធរមានសមត្ថកិច្ចនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនលើកលែងនោះឡើយ ។
ឯកឧត្តម សាន់ យូ បានឲ្យដឹងថាកន្លងមកអាជ្ញាធរក្រុង និងខេត្តព្រមទាំងក្រសួងពាក់ព័ន្ធ បានចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋទាំង ១២គ្រួសាររស់នៅលើផ្ទះ១៣ ល្វែងនេះចាកចេញពីសំណង់ដែលទ្រុឌទ្រោម ដែលការជូនដំណឹងមកដល់ពេលនេះមានរយៈពេល ៣ឆ្នាំហើយទើបពួកគាត់ព្រមចាកចេញ ។
ទន្ទឹមនេះដែរ អាជ្ញាធរខេត្តសំណូមពរឲ្យប្រជាពលរដ្ឋជាម្ចាស់ ផ្ទះ១៣ល្វែង ចំនួន ១២គ្រួសារធ្វើលិខិតរួមគ្នាមួយ ដើម្បីសុំច្បាប់វាយកំទេចសំណង់ទ្រុឌទ្រោមនេះចោល ។
ដោយរដ្ឋបាលខេត្តថានឹងជួយសម្រួលចេញច្បាប់វាយកំទេចសំណង់នេះចោលឱ្យបានលឿន ការងារបន្ទាប់នោះគឺប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង ១៣ល្វែងនេះ ត្រូវធ្វើលិខិតសុំច្បាប់សាងសង់ផ្ទះលែ្វងនេះឡើងវិញដែលរដ្ឋបាលខេត្តថានឹងជួយសម្រួលក្នុងការជួយគូរប្លង់និងចេញច្បាប់សាងសង់នេះឲ្យបានលឿនផងដែរ ។
សូមបញ្ជាក់ថា នៅល្ងាច ថ្ងៃទី១៤ ខែធ្នូនេះ ចំពោះម្ចាស់ផ្ទះល្វែងចំនួន ៩ ផ្ទះ ដែលបានចាកចេញហើយនោះក្រុមការងារចម្រុះបានទិញសោ រយកមកចាក់បិទទ្វារផ្ទះទាំងអស់នោះ ដោយមិនអនុញ្ញាតឲ្យអ្នកណាចេញចូលទៀតឡើយ ។
ហើយក៏បានចងខ្សែព័ទ្ធពីមុខផ្ទះនិងដាក់ស្លាកសញ្ញា សំណង់គ្រោះថ្នាក់ផងដែរ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុ ណាមួយ ព្រោះតែខ្លាចសំណង់ដ៏ទ្រុឌ ទ្រោមខាងលើនេះអាចនិងរលំបាក់ ៕សូខ គឹមសៀន