សម្តេចតេជោ៖ កក្តាសន្តិភាពដែលយើងរកបានដោយលំបាក គឺមិនត្រូវឱ្យអ្នកណាមកបំផ្លិចបំផ្លាញនោះទេ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់សណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កក្តាសន្តិភាពដែលយើងរកបានដោយលំបាក គឺមិនត្រូវមើលរំលង និងមិនត្រូវប្រគល់ ឱ្យអ្នកណាបំផ្លិចបំផ្លាញនោះទេ ទោះបីអ្នកណាចង់និយាយអ្វីនិយាយទៅចុះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សិទ្ធរស់រានមានជីវិត អ្វីដែលកម្ពុជាត្រូវធ្វើ ដែលមិនឱ្យប្រទេសនេះមានសង្រ្គាមនោះទេ ហើយតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពនេះឱ្យបាន អ្នកខ្លះរិះគន់ថា សម្តេចតេជោ ហ៊ុន សែន និយាយអំពីសិទ្ធរស់រានមានជីវិត តែអត់និយាយគិតគូរ អំពីសិទ្ធមនុស្ស និង លទ្ធិប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចុះបើយើងស្លាប់ហើយមានសិទ្ធឯណាទៅធ្វើការងារផ្សេងៗ ដូចជាសរសេរកាសែត បង្កើតបក្សនយោបាយ និង បញ្ចេញមតិអ្វីក៏អត់បាន អ្វីដែលយើងត្រូវធ្វើ គឺសិទ្ធរស់រានមានជីវិត មិនឱ្យប្រទេសនេះ កើតសង្គ្រាមនោះទេ។ សន្តិភាព ជាឱកាសមាស និង ឱកាសពេជ្រ ដែលធ្វើឱ្យយើងមានការអភិវឌ្ឍន៍មកដល់ពេលនេះ៕ ដោយ វណ្ណលុក