ការជ្រើសរើសការសិក្សានិងទទួលនូវការបណ្តុះបណ្តាលភាសាចិន របស់សិស្ស-និស្សិត និងនៅតាមក្រុមហ៊ុននិងពីសាធារណៈជន ពិតជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងពីកំណើន នៃ ការវិនិយោគឈានមុខ របស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា ( មានវីដេអូ)
ថ្លែងនៅក្នុងពិធីសម្ពោធនិងដាក់អោយដំណើរការ នូវ ដេប៉ាតឺម៉ង់ភាសាចិន នៅព្រឹក ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានថ្លែងដោយគូសបញ្ជាក់ថា៖ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ បានបង្កលក្ខណៈសម្បត្តិនិងជម្រុញឲ្យសាកលវិទ្យាល័យជាតិបាត់ដំបងបានសម្រេចចិត្តក្នុងការបើកឲ្យដំណើរការជាផ្លូវការនូវដេប៉ាតឺម៉ងភាសាចិនរបស់ខ្លួន ក្នុងគោលបំណងដើម្បីលើកស្ទួយដល់ការបណ្តុះបណ្តាលជូនដល់សិស្ស-និស្សិតនិងសាធារណៈជននានាទូទៅដែលមានគោលបំណងចង់សិក្សាភាសាចិននិងដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាររកការងារធ្វើនិងពីកំណើននៃទំហំក្នុងការវិនិយោគឈានមុខគេរបស់ក្រុមហ៊ុនចិន នៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ។
ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៍បានបញ្ជាក់បន្ថែម ទៀតថា៖ជំនាញបណ្តុះបណ្តាលភាសាចិននេះគឺបានទទួលនូវការអនុញ្ញាតជាផ្លូវការពូក្រសួងអប់រំយុវជននិងកីឡា តាមរយៈប្រកាសលេខ ១១៥៧ / អយកបក ចុះថ្ងៃទី៧ខែធ្នូឆ្នាំ២០២១ស្តីពីការបង្កើតនូវមុខជំនាញថ្មីនៅក្នុងសាកវិទ្យាល័យជាតិបាត់ដំបង។
នៅក្នុងឱកាសនៃការរៀបចំពិធីសម្ពោធ និងដាក់អោយដំណើរការ នូវ ដេប៉ាតឺម៉ង់ភាសាចិន នៅព្រឹកម៉ិញនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បុគ្គលិកអប់រំ និងវត្តមានរបស់ លោកសាស្ត្រាចារ្យបណ្ឌិត វ៉ា នៀន អតីតនាយកវិទ្យាស្ថានខុងជឺ និងលោកសាស្ត្រាចារ្យបណ្ឌិត អឺ យ៉ុងចុង ជានាយកថ្មីនៃវិទ្យាស្ថានខុងជឺ (ភាគីចិន) ព្រមទាំងលោកគ្រូអ្នកគ្រូជនជាតិចិនជាច្រើនរូបផងដែរ។
លោកសាស្ត្រាចារ្យបណ្ឌិតវ៉ាង ជានៀន បានមានប្រសាសន៍ថា៖ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅពេលបច្ចុប្បន្ននេះគឺបានបណ្តុះបណ្តាលភាសាចិនវគ្គសិក្សាខ្លីដល់សិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន បានចំនួនជាង ៣០០នាក់។ជាមួយគ្នានេះវិទ្យាស្ថានខុងជឺក៏បានរៀបចំនូវសកម្មភាពក្នុងការផ្លាស់ប្ដូរវប្បធម៌ចំនួន ១០លើក ផងដែរ ក្នុងគោលបំណងដើម្បីជាស្ពានមួយក្នុងការចងភ្ជាប់ នូវទំនាក់ទំនងមិត្តភាពដ៏ប្រពៃនិងដ៏យូរលង់ រវាង ប្រជាជនកម្ពុជា និងប្រជាជនចិន។ ជាមួយគ្នានេះ វិទ្យាស្ថានខុងជឺ ក៏បានជួយគាំទ្រដល់ដេប៉ាតឺម៉ង់ភាសាចិននូវក្នុងការបើកថ្នាក់បរិញ្ញាបត្រភាសាចិន តាមរូបមន្តកម្មវិធីសិក្សា (២+២) ដែលផ្តល់ឱកាសនិស្សិតអាចសិក្សារយៈពេល២ឆ្នាំនៅសាកលវិទ្យាល័យជាតិបាត់ដំបង និងបន្តធ្វើការសិក្សារយ:ពេល២ឆ្នាំទៀតនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក “គួយលីង” សម្រាប់នៅឆ្នាំសិក្សាខាងមុខនេះផងដែរ។ ហើយសាកលវិទ្យាល័យជាតិបាត់ដំបងនឹងបើកថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនជូនដល់សិស្សានុសិស្ស និងនិសិ្សត ដែលមានបំណងចង់សិក្សានៅក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ២០២១ -២០២២ នេះ។
បច្ចុប្បន្ននេះ ដេប៉ាតឺម៉ង់ភាសាចិន បានទទួលនូវការឧបត្ថម្ភគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ពីមូលនិធិអប់រំអន្តរជាតិនៃប្រទេសចិន (CIEF) ,ពីមជ្ឈមណ្ឌលដើម្បីកិច្ចសហប្រតិបត្តិការ និងការអប់រំភាសានៃប្រទេសចិន (CLEC) ,ពីសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក “គួយលីង” (Guilin University of Electronic Technology) និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
តាមរយៈបទសម្ភាសន៍ ជាមួយ និងលោកញាណ វឌ្ឍនា នាយកវិទ្យាស្ថានការបរទេស នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក សំរ៉ានី សាកលវីទ្យាធិការរង និងជានាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា ជាមួយភ្នាក់ងារ AMS ប្រចាំខេត្តបាត់ដំបង ។
គួររំលឹកផងដែរថា៖ ដេប៉ាតឺម៉ង់ភាសាចិន គឺជា”ដេប៉ាតឺម៉ង់”មួយ ក្នុងចំណោមដេប៉ាតឺម៉ង់ដែលចំណុះឱ្យវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងនោះមាន៖ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស, ដេប៉ាតឺម៉ង់ភាសាកូរ៉, ដេប៉ាតឺម៉ង់ភាសាបារាំង និង ដេប៉ាតឺម៉ង់ភាសាថៃ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

























