ចិនតែងតាំងអតីតអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអាមេរិកឱ្យកាន់តំណែងជាន់ខ្ពស់ទី៣ នៅស្ថានទូតរបស់ខ្លួននៅវ៉ាស៊ីនតោន

ចិន​កំពុង​តែ​សម្លឹង​ក្នុង​ការ​ពង្រឹង​ស្ថានទូត​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក ដោយ​គ្រោង​នឹង​តែងតាំង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាង​ជើង និង​អូសេអានី លោក ជីង ឈ័ន (Jing Quan) ធ្វើ​ជា​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ ដែល​ជា​តំណែង​ជាន់​ខ្ពស់​លំដាប់​ទី៣។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post។

ការ​តែងតាំង​លោក ជីង ត្រូវ​បាន​អ្នក​តាម​ដាន​មួយ​ចំនួន​យល់​ឃើញ​ថា ចិន​អាច​នឹង​កែប្រែ​វិធីសាស្ត្រ​ការ​ទូត​របស់​ខ្លួន​ពី​ អ្នក​ការទូត​បែប​អ្នក​ចម្បាំង​ចចក ឬ អ្នក​ការទូត​បែប​ប្រតិកម្ម​និយម ក្លាយ​ទៅ​ជា​អ្នក​ការទូត​ «ស្រដី​ស្រទន់» និង​បែប​ប្រាកដ​និយម។

បន្ថែម​ពី​នេះ​ដែរ ការ​តែងតាំង​នេះ​ដែរ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​ពង្រឹង​ប៉ុស្តិ៍​ការទូត​របស់​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ ចិន​បាន​ផ្លាស់​ទូត​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ពី អ្នក​ការទូត​ចំណាស់​លោក ស្វេ ធានកាយ (Cui Tiankai) ទៅ​កាន់​អ្នក​ការទូត​ជំនាន់​ថ្មី​គឺ​លោក ឈីន កាង (Qin Gang) ដែល​ទើបតែ​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ដំបូង​បង្អស់​នៅ​ក្នុង​អាជីព​របស់​លោក។

លោក ជីង ធ្លាប់​ធ្វើ​ជា​មនុស្ស​ជំនិត​របស់​លោក យ៉ាង ជៀឈី (Yang Yiechi) ប្រធាន​គណៈកម្មការ​ការបរទេស​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន ដែល​គេ​ចាត់​ទុក​ថា​ជា អ្នក​ការទូត​កំពូល​របស់​ប្រទេស​មហាអំណាច​អាស៊ី​បូព៌ា។

បុរស​វ័យ ៤៦រូប​នេះ​ចាប់​ផ្ដើម​ចូល​រួម​ជាមួយ​ក្រសួង​ការបរទេស​ចិន តាំង​ពី​ឆ្នាំ១៩៩៧មក​ម្ល៉េះ ក្រោយ​ពី​លោក​បញ្ចប់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​សិក្សា​បរទេស​ស៊ីអាន (Xian)។

លោក​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ចិន​ជំនាន់​ដំបូង​ៗ ដែល​បាន​ជាប់​ជា​អ្នក​ស្រាវជ្រាវ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​អាស៊ី​ឦសាន នៃ​វិទ្យាស្ថាន​ប្រ៊ូកឃីង ដែល​មាន​មូលដ្ឋាន​នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន។ នៅ​កាល​នោះ​លោក​បាន​សិក្សា​អំពី​បញ្ហា​តៃវ៉ាន់ និង​បញ្ហា​កូរ៉េ​ខាង​ជើង នៅ​ក្នុង​បរិបទ​ទំនាក់ទំនង​អាមេរិក-ចិន។

ជាមួយ​គ្នា​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម ដោយ​លោក ជីង អាច​ជួយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​មាន​ភាព​វិជ្ជមាន​ជាង​មុន។

លោក Huang Jing ព្រឹទ្ធ​បុរស​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​តំបន់ នៃ​សាកលវិទ្យាល័យ​ប៉េកាំង​នៃ​ភាសា និង​វប្បធម៌ បាន​លើកឡើង​ថា លោក ជីង ជា​អ្នក​មាន​បទពិសោធន៍​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ហើយ​វត្តមាន​របស់​លោក អាច​នឹង​ជួយ​ដល់​ លោក​ទូត ឈីន កាង ដែល​បាន​តែងតាំង​កាល​ពី​ខែ​កក្កដា។

«ស្រប​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​មាន​ការ​ថយ​ចុះ ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អាមេរិក​កាន់​តែ​លំបាក​ទៅៗ។ លោក ឈីន ជា​ការ​ពិត​ណាស់​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ការ​របស់​លោក​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​បង្កើត​ក្រុម​ការងារ​របស់​ខ្លួន​ឯង»។ នេះ​ជា​ការ​លើកឡើង​របស់​លោក​ប្រាប់​សារព័ត៌មាន South China Morning Post។

លោក​បាន​បន្ថែម​ថា៖ «ការ​តែងតាំង​របស់​លោកជីង បញ្ជូន​ជា​សញ្ញាណ​វិជ្ជមាន​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីនតោន»។

អ្នក​ការ​ទូត​ចិន​ជា​ច្រើន​បាន​ចាត់​ទុក​លោក ជីង ថា «អ្នក​ការទូត​មាន​សមត្ថភាព ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ការ និង​ចេះ​ដាក់​ខ្លួន» ហើយ​អាជីព​របស់​លោក​បាន​រះ​ឡើង​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន លោក យ៉ាង ជៀឈី ជ្រើសរើស​ជា​ជំនួយ​ការ​របស់​លោក​កាល​ពី​ឆ្នាំ២០១៣កន្លង​ទៅ។

លោក​ត្រូវ​បាន​គេ​ជឿ​ថា បាន​ដើរ​តាម​លោក យ៉ាង នៅ​តាម​កិច្ចប្រជុំ​កំពូលៗ​ផ្សេង​ៗ។ បន្ត​មក​ទៀត​នៅ​ឆ្នាំ២០១៨ លោក​ត្រូវ​បាន​តែងតាំង​ជា​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អាមេរិក​ខាង​ជើង និង​អូសេអានី នៃ​ក្រសួង​ការបរទេស​ចិន។

ចិន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ផ្លាស់​ប្ដូរ​សមាសភាព​ទទួល​បន្ទុក​ទំនាក់ទំនង​អាមេរិក-ចិន។ ជាក់ស្ដែង​ កាល​ពី​ខែ​ធ្នូ​នេះ​ដដែល ចិន​បាន​តែងតាំង​លោក យ៉ាង តាវ (Yang Tao) ដែល​ជា​អតីត​អ្នក​ការទូត​ចិន​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​អាហ្វហ្គានីស្ថាន​ឱ្យ​មក​កាន់​ជា​អគ្គនាយក​កិច្ចការ​អាមេរិក​ខាង​ជើង និង​អូសេអានី។

ទន្ទឹម​នឹង​​មាន​សុទិដ្ឋិនិយម​នេះ​ដែរ​ លោក Pang Zhongying អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ចិន​នៃ​សមុទ្រ​នៅ​ឈីងតាវ (Qingdao) បាន​លើកឡើង​ថា វា​ជា​រឿង​ល្អ​ហើយ ដែល​ចិន​ដាក់​អ្នក​ការទូត​ ដែល​កើត​នៅ​សម័យ​ក្រោយ​បដិវត្តន៍​វប្បធម៌​ឱ្យ​ចូល​កាន់​តំណែង។

យ៉ាងណាមិញ តាម​រយៈ​គោលនយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ​មាន​ភាព​ប្រឈម​មុខ​ដាក់​គ្នា ដែល​ពិបាក​ឱ្យ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​អនាគត​ឆាប់​ៗ​នេះ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ប្រាប់ SCMP៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner